ក្រោមកិច្ចសហការរវាងក្រសួងផែនការ និងអង្គការ UNICEF និងមានការសម្របសម្រួលពីរដ្ឋបាលខេត្តរតនគិរី វគ្គបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ស្តីពីការគ្រប់គ្រងដោយផ្អែកលើលទ្ធផល (RBM) និងកិច្ចប្រជុំស្តីពីផែនការការងារ និងថវិកាឆ្នាំ២០២៥ ភាពជាដៃគូរវាងអង្គការយូនីសេហ្វ និងរដ្ឋបាលខេត្ត
រតនគិរី ត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំអគារAសាលាខេត្តរតនគិរី រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការ ក្រសួងផែនការ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា បច្ចុប្បន្នខេត្តបានកំពុងរៀបចំសេចក្តីព្រាងកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ(២០២៥-២០២៩) របស់រដ្ឋបាលខេត្តរតនគិរី ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ អនុក្រឹត្យ និងលិខិបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដើម្បីជាផែនទីបង្ហាញពីចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រ សម្រាប់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ធ្វើសេចក្តីសម្រេចចិត្តក្នុងការប្រើប្រាស់ធនធាន និងសក្តានុពលនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមគោលនយោបាយជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលចក្ខុវិស័យអភិវឌ្ឍន៍ខេត្តគឺ «មានការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច សមភាពយេនឌ័រ បរិយាប័ន្នល្អ ធានាបានចីរភាពធនធានធម្មជាតិ អភិវឌ្ឍន៍ និងអភិរក្សប្រពៃណីជនជាតិដើមភាគតិចដែលល្អៗ វប្បធម៌ថ្លៃថ្លូរ សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈល្អ ប្រជាពលរដ្ឋមានសុខភាព សុខុមាលភាព និងជីវភាពរស់នៅបានល្អប្រសើរ»។ ហើយបច្ចុប្បន្នបានអនុម័តជាផ្លូវការពីក្រុមប្រឹក្សាខេត្ត និងរៀបចំស្នើសុំការពិនិត្យ ផ្តល់យោបល់ និងអនុលោមភាព ពីក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានក្នុងការអនុវត្តនូវចក្ខុវិស័យក្នុងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព គណ នេយ្យ ភាព ធានាបាននូវសង្គតិភាព។ ដូច្នេះវគ្គបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ស្តីពីការគ្រប់គ្រងដោយផ្អែកលើលទ្ធផល (RBM)នាឱកាស នេះ គឺជាការពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូបន្ថែមទៀត សំដៅសម្រេចបាននូវចក្ខុវិស័យដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសនៅចុងអាណត្តិនៃក្រុមប្រឹក្សានឹងទទួលបាននូវរបាយការណ៍ដែលមានលទ្ធផលឆ្លើយតបទៅនឹងចក្ខុវិស័យ បេសកកម្ម និងគោលបំណង នៃផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្តរតនគិរី។
ឯកឧត្តម ហ៊ូ តាំង អេង រដ្ឋលេខាធិការ ក្រសួងផែនការ បានវាយតម្លៃខ្ពស់ដល់វគ្គកម្រិតថ្នាក់ដឹកនាំនេះថា ជាវេទិកាតម្រង់ទិសប្រកបដោយ ឧត្តមានុវត្តន៍ ដើម្បីផ្តល់ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ឱ្យទទួលបានចំណេះដឹងថ្មី បានចែក រំលែកបទពិសោធន៍ទាក់ទងនឹងការងារជាក់ស្តែងធៀបជាមួយទ្រឹស្តី សម្រាប់ជាមូលដ្ឋានដល់ការវិភាគ សម្រេច ចិត្ត ក្នុងដំណើរការរៀបចំផែនការនៅថ្នាក់ក្រោមជាតិមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងដោះស្រាយបាននូវ បញ្ហាជាក់លាក់នាពេលអនាគត។ ជាពិសេស ទទួលបាននូវការបកស្រាយ ពន្យល់លម្អិតលើខ្លឹមសារគន្លឹះ នៃការគ្រប់គ្រងដោយផ្តោតលើលទ្ធផល (RBM) ផ្ទាល់ពីអ្នកជំនាញអន្តរជាតិប្រកដោយបទពិសោធន៍ខ្ពស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងវគ្គដ៏មានសារៈសំខាន់នេះ៕
No comments:
Post a Comment