នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោក សល់ឡេះ យូសុះ អភិបាលរងស្រុក លោក នាង ណេង សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ និងលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកសំណើដេញថ្លៃ គម្រោងមូលនិធិឃុំចំនួន០៤ ក្នុងស្រុកព្រៃនប់ គឺឃុំវាលរេញ ឃុំទឹកថ្លា ឃុំទឹកល្អក់ និងឃុំសាមគ្គី ដោយបានធ្វើដេញថ្លៃរួមគ្នា នៅសាលប្រជុំសាលាស្រុកព្រៃនប់ ដោយមានការចូលរួមពី ក្រុមការងារបច្ចេកទេសគាំទ្រឃុំសង្កាត់ តំណាងរដ្ឋបាលស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង៤ ក្រុមហ៊ុនទទួលការសាងសង់ និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។
កិច្ចប្រជុំបើកសំណើដេញថ្លៃបានដំណើរការដោយរលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបានដូចខាងក្រោម៖
១.ឃុំវាលរេញ គម្រោងសាងសង់ផ្លូវបេតុងប្រវែង៥៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន ៧ បានចូលរួមដេញថ្លៃ
២.ឃុំទឹកថ្លា គម្រោងសាងសង់ផ្លូវបេតុងប្រវែង៤៧០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន ៤ បានចូលរួមដេញថ្លៃ
៣.ឃុំទឹកល្អក់ គម្រោងសាងសង់ផ្លូវបេតុងប្រវែង៤៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម មានក្រុមហ៊ុនចំនួន ៧ បានចូលរួមដេញថ្លៃ
៤.ឃុំសាមគ្គី គម្រោងសាងសង់ផ្លូវបេតុង ប្រវែង ៤៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉្រែត មានក្រុមហ៊ុនចំនួន ៦ បានចូលរួមដេញថ្លៃ។
លោកនាយកទីចាត់ការផែនការនិងវិនិយោគខេត្តក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តគម្រោង ដោយអនុលោមទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែង។
លោកក៏បានបញ្ជាក់បន្ថែមថា សូមឱ្យគណៈកម្មការក៏ដូចជាក្រុមប្រឹក្សាឃុំ ត្រូវពង្រឹងការតាមដានការអនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការ និងត្រូវមានសៀវភៅការដ្ឋានកត់ត្រាឱ្យបានច្បាស់លាស់ ដោយចាប់ផ្ដើមពីដំណើរការបើកការដ្ឋាន ការអនុវត្តគម្រោង រហូតដល់បញ្ចប់ការអនុវត្តគម្រោង។ ក្នុងនោះលោកនាយកទីចាត់ការ ក៏បានស្នើឱ្យក្រុមប្រឹក្សាឃុំ ធ្វើការបំផុសចលនាប្រជាពលរដ្ឋ ឱ្យចូលរួមការដាំដើមឈើនៅតាមបណ្ដោយផ្លូវ ដើម្បីលើកកម្ពស់ សោភ័ណ្ឌភាព ភាពបៃតង នៅក្នុងមូលដ្ឋានភូមិរបស់គាត់ ជាពិសេសចូលរួមថែរក្សាថែទាំសមិទ្ធផលផ្លូវបេតុង ក៏ដូចជាប្រព័ន្ធលូដែលបានដាក់ដេញថ្លៃនាពេលនេះ និងស្ថាបនានៅពេលខាងមុខឱ្យបានគង់វង្ស និងធានាបានការប្រើប្រាស់បានយូរអង្វែងផងដែរ៕
No comments:
Post a Comment