បើតាមការឱ្យដឹង ពី លោក ហេង សាវឿន អភិបាលស្រុកវើនសៃ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នេះថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាជាង ២០ ថ្ងៃកន្លងមកនេះ ឃើញថាស្ពាន និងផ្លូវដីមួយចំនួនក្នុងស្រុកវើនសៃ ត្រូវបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ។
លោកអភិបាលស្រុក បានបញ្ជាក់ឱ្យដឹងទៀតថា ស្ពានឈើចំនួន ០២ កន្លែង ដែលខូចខាតដោយសារជំនន់ទឹកភ្លៀងនោះ មានប្រវែងសរុប ៤៨ ម៉ែត្រ ស្ថិតនៅក្នុងឃុំចំនួន ០២ គឺឃុំហាត់ប៉ក់ ប្រវែង ២៦ ម៉ែត្រ និងឃុំបាក់កែ ប្រវែង ២២ ម៉ែត្រ ។លោកអភិបាលស្រុក បានបន្តថា បន្ទាប់ពីមានការចុះពិនិត្យយ៉ាងល្អិតល្អន់រួចមក លោកបានដាក់កម្លាំង ចុះជួសជុលសាងសង់ជាបន្ទាន់ ដោយប្រើរយៈពេល ០២ ថ្ងៃ ស្ពានទាំង ០២ នេះ រួចរាល់ជាស្ថាពរអាចឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចរាចរណ៍ឡើងវិញបាន នៅរសៀលថ្ងៃទី៧ ខែសីហា ម្សិលមិញនេះ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ ស្រុក ឃុំ ភូមិសហការជាមួយសហគមន៍ និងបងប្អូនប្រជាពលរដ្ឋ រួមកម្លាំងសាមគ្គីគ្នា ។
លោកអភិបាលស្រុកថា សម្រាប់ស្រុកវើនសៃ បច្ចុប្បន្នពុំទាន់មានស្ពានថ្មឆ្លងកាត់អូរទេ ហើយចំពោះផ្លូវឆ្លងកាត់ពីស្រុក ទៅឃុំ ពីឃុំ ទៅឃុំ គឺសុទ្ធតែជាផ្លូវដីទាំងអស់ ហេតុដូចនេះហើយទើបរដូវវស្សា ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ ។
ជាក់ស្ដែងដូចជារយៈពេលជាង ២០ ថ្ងៃកន្លងមកនេះ ផ្លូវដែលរងការខូចខាតនោះមានជាច្រើនខ្សែ ដូចជាផ្លូវតភ្ជាប់ពីឃុំប៉ាកាឡាន់ ទៅឃុំបាក់កែ រងការខូចខាតប្រមាណជាង ០៥ គីឡូម៉ែត្រ ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៧៨ ពីចំណុចសង្កាត់កាចាញ មានប្រវែងជាង ៣៨ គីឡូម៉ែត្រ រហូតដល់ឃុំហាត់ប៉ក់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចាប់ពីចំណុចរមណីយដ្ឋានចាអ៊ុង ទៅឃុំហាត់ប៉ក់ គឺពិបាកក្នុងការធ្វើដំណើរ ប្រជាពលរដ្ឋមិនអាចឆ្លងកាត់បានទេឱ្យតែមានភ្លៀងធ្លាក់ ។
លោកអភិបាលស្រុក ក៏បានណែនាំ និងផ្ដាំផ្ញើដល់អាជ្ញាធរភូមិ ឃុំ ធ្វើយ៉ាងណាត្រូវតែសហការគ្នា ក្នុងការជួសជុលស្ថាបនាស្ពាន ឬ ផ្លូវដី ដែលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនសម្រាប់សម្រួលក្នុងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ហើយបើមានសភាពការណ៍កើតឡើងនៅក្នុងតំបន់ណា សុំរាយការណ៍មកអាជ្ញាធរស្រុកភ្លាម ដើម្បីរកដំណោះស្រាយឆ្លើយតបជូនពលរដ្ឋឱ្យទាន់ពេលវេលា ៕
No comments:
Post a Comment