ក្រុមក្មេងទំនើង ចំនួន ០៦ នាក់ ជិះម៉ូតូ ០៤ គ្រឿង ចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ ក៏បបួលគ្នាទៅម្ដុំបឹងកក់ដើម្បីថតរូបលេង ប៉ុន្តែពេលទៅដល់ឃើញស្ងាត់ល្អ ក៏នាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះឃាត់សួរនាំ និងនាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃមុខបន្តទៀត ។
ការឃាត់ខ្លួនក្រុមក្មេងទំនើងនេះ បានធ្វើឡើង កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅម្ដុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ក្រុមក្មេងទំនើងទាំង ០៦ នាក់នេះ ជាអ្នកធ្វើការរោងចក្រនៅភ្នំពេញជាមួយគ្នា ដោយ ០៣ នាក់ មកពីខេត្តកំពង់ចាម និង ០៣ នាក់ទៀត ជាអ្នកមកពីខេត្តព្រៃវែង ។
យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរ៉ឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេល ០៣ ខែ ចំពោះការប្រព្រឹត្តលើកទី១ និង ០៦ ខែ ប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទី២ បន្តទៀត ៕
No comments:
Post a Comment