(បាត់ដំបង) ៖ បុរសម្នាក់ត្រូវបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបានទៅភ្ជួរដីស្រែមួយកន្លែង ប៉ះចំមីនតោនមួយគ្រាប់ ផ្ទុះយ៉ាងខ្លាំង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។
លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង បានឱ្យដឹងថា ករណីផ្ទុះមីនតោនមួយគ្រាប់នេះ បានកើតឡើងនៅវេលាម៉ោង ៣ ៖ ៥០នាទី នារសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅក្នុងខណៈពេល ដែលបុរសម្នាក់ មានឈ្មោះ វ៉ាត សាវុន អាយុ ២៣ ឆ្នាំ បានបើកត្រាក់ទ័រ ដែលស៊ីឈ្នួលឱ្យគេ ទៅភ្ជួរដីស្រែមួយកន្លែង ស្ថិតនៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ហើយក៏ជាន់មីនតោនមួយគ្រាប់ បានផ្ទុះឡើង បង្កឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយឡែកត្រាក់ទ័រត្រូវខូចខាតទាំងស្រុង ។លោក យ៉ាន ឧត្តម បានបញ្ជាក់ថា បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសព បានយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ៕
No comments:
Post a Comment