(តាកែវ) ៖ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ នៅព្រឹកថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់មន្រ្តីរាជការទាំងអស់ត្រូវមានស្មារតីខ្ពស់ និងមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលស្របច្បាប់។
ឯកឧត្តមអភិបាលខេត្តតាកែវ បានថ្លែងបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានក្រុមអគតិ និងយុវជនមួយចំនួនតូចនៅក្រៅប្រទេសបាននាំគ្នាធ្វើបាតុកម្មប្រឆាំង និងគម្រោងអភិវឌ្ឍន៍ CLV ដោយចោទប្រកាន់រាជរដ្ឋាភិបាលថា បានធ្វើអោយបាត់ទឹកដីទៅប្រទេសជិតខាង ហើយបើទោះបីជារាជរដ្ឋាភិបាល និងអតីតៈនាយករដ្ឋមន្រ្តីសម្ដេចតេជោ ហ៊ុន សែន បានចេញមកធ្វើការពន្យល់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនស្ដាប់ និងបន្តញុះញង់អោយមន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងស្រុកនាំគ្នាក្រោកឡើងធ្វើបាតុកម្មក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាល ដូច្នោះមន្រ្តីរាជការរបស់យើងត្រូវមានស្មារតីខ្ពស់ និងមិនត្រូវចាញ់ឧបាយកលរបស់ក្រុមអគតិមួយចំនួនតូចនោះទេ។ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា អាជ្ញាធខេត្តក៏បានធ្វើការអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ប្រជាពលរដ្ឋ អោយរក្សាភាពស្ងប់ស្ងាត់ និងកុំអោយមានការប្រមូលផ្ដុំគ្នាខុសច្បាប់ ហើយក្នុងនាមអាជ្ញាធដែលទទួលខុសត្រូវលើសន្តិសុខសាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានបញ្ជាទៅរដ្ឋបាលក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធតាមដានទប់ស្កាត់មិនអោយមានការប្រមូលផ្ដុំខុសច្បាប់នោះទេ។ បើមានករណីប្រមូលផ្ដុំខុសច្បាប់យើង និងអនុវត្តន៍ទៅតាមច្បាប់ដោយធ្វើការបង្រ្កាបតែម្ដង៕
No comments:
Post a Comment