តុលាការខេត្តកំពតសម្រេចឃុំខ្លួនក្រុមបងធំចំនួន ៤នាក់ ពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, May 13, 2024

តុលាការខេត្តកំពតសម្រេចឃុំខ្លួនក្រុមបងធំចំនួន ៤នាក់ ពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

(កំពត) ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនជនត្រូវចោទ ០៤ នាក់ ក្រោមបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើចរាចរអាវុធសម្រាប់ប្រហារផ្សេងទៀត ប្រព្រឹត្តឡើងនៅចំណុចមុខមន្ទីពេទ្យរស្មីឈូក ស្ថិតក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ។

បន្ទាប់ពីតុលាការសម្រេចដូចខាងលើ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបង្ហោះសារក្នុងគណនីផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត ថា ក្រុមបងធំនៅស្រុកឈូក ដែលបានធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូប្រជាពលរដ្ឋ នៅស្រុកឈូក កាលពីថ្ងៃទី៨ ខែឧសភា ត្រូវបានតុលាការចេញដីការឃុំខ្លួន ដើម្បីវិនិច្ឆ័យទោសនាពេលក្រោយ ។

តាមរយៈគណនីហ្វេសប៊ុកដដែល លោកស្នងការបានផ្តាំផ្ញើថា «ឈប់បានឈប់ទៅប្អូនៗ សមត្ថកិច្ច និងច្បាប់មិនអនុគ្រោះឱ្យពួកប្អូននោះទេ ។ ប្អូនៗមានសិទ្ធិសេរីភាពហើយគួរណាស់ធ្វើជាពលរដ្ឋល្អក្នុងសង្គម និងមិនត្រូវធ្វើអ្វីដែលច្បាប់ហាមឃាត់ឡើយ ។ ប្អូនៗផ្សេងទៀតកុំចង់សាកល្បងអីព្រោះមិនរួចខ្លួនទេគ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ ។ សម្រាកហូបបាយផ្ទះជួបជុំគ្រួសារប្រសើរជាងនៅកន្លែងឃុំឃាំង» ។

សូមរម្លឹកថា កាលពីវេលាម៉ោង ០៩ យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ យុវជនមួយក្រុមបានប្រើកាំបិតកាប់ម៉ូតូអ្នកដទៃ នៅក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក ព្រោះតែធ្លាប់មានទំនាស់នឹងគ្នា ។ ក្រោយទទួលព័ត៌មាននេះ កម្លាំងនគរបាលស្រុកឈូក បានចុះអន្តរាគមន៍ និងដេញតាមរហូតដល់ភូមិនារាយណ៍ ឃុំនារាយណ៍ និងភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក រហូតឃាត់ខ្លួនក្រុមជនសង្ស័យបាន ០៤ នាក់ រួមមាន៖ ទី១. ឈ្មោះ អ៊ុង វាសនា អាយុ ១៩ ឆ្នាំ ទី២. ឈ្មោះ ថន សុភ័ក្រ្ត អាយុ ២៣ ឆ្នាំ ទី៣. ឈ្មោះ ង៉ែត លាភ អាយុ ១៨ ឆ្នាំ អ្នកទាំង ០៣ នាក់ រស់នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត និងទី៤. ឈ្មោះ ឆាន់ ទីន អាយុ ១៩ ឆ្នាំ រស់នៅភូមិពស់ពង ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត ។

បន្ទាប់ពីឃាត់ខ្លួន កម្លាំងនគរបាលស្រុកឈូក បានបញ្ជូនជនសង្ស័យទាំង ០៤ នាក់ រួមទាំងវត្ថុតាងមកកាន់ស្នងការដ្ឋានខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី ៕











No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages