(កំពត) ៖ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត កំពុងកសាងសំណុំរឿងបញ្ជូនជនបរទេស ០២ នាក់ ទៅកាន់សាលាដំបូងខេត្តកំពត នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីសាកសួររួចរាល់ ក្រោមបទសង្ស័យចរាចរសារធាតុញៀន ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យទាំង ០២ នាក់ មានឈ្មោះ អ៊ីហ្គូ កូណូណូវ (IGOR KONONOV) ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិហ្វាំងឡង់ ស្នាក់នៅភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត និងឈ្មោះ កាលេនគីន អ៊ីវ៉ាន់ (KALENKIN IVAN) ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិរុស្ស៊ី ស្នាក់នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។មន្ត្រីនគរបាលដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង ០៤ ៖ ៣០ នាទីរសៀល ថ្ងៃ១៣ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីភ្នាក់ងារសម្ងាត់អំពីករណីជនបរទេសបម្រុងលក់កញ្ឆា នៅក្នុងភូមិសាស្ត្រភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
ដោយមានបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងការឯកភាពពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានដឹកនាំកម្លាំងជំនាញចុះស៊ើបអង្កេត និងស្រាវជ្រាវ ដោយប្រើវិធានការញុះញង់ រហូតឃាត់ខ្លួនជនជាតិហ្វាំងឡង់បានម្នាក់ ជាមួយគ្រឿងញៀនប្រភេទលីហ៊្សែរហ្ស៊ីដ (lysergide) ០១ សន្លឹក កញ្ឆាក្រៀម ០២ កញ្ចប់ ផ្សិត ០១ និងទឹកសារធាតុលីហ៊្សែរហ្ស៊ីដជាប់នៅសឺរ៉ាង ។
តាមរយៈជនសង្ស័យម្នាក់នោះ នៅវេលាម៉ោង ០៥ ៖ ៣០ នាទីល្ងាច ថ្ងៃដដែល សមត្ថកិច្ចក៏ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ជាជនជាតិរស្ស៊ី ដែលកំពុងស្នាក់នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ដោយរឹបអូសបានជញ្ជីងអេឡិចត្រូនិក ០៣ គ្រឿង កញ្ឆាក្រៀម ០៤ កញ្ចប់ និងកន្លះចាន ឧបករណ៍ជក់កញ្ឆាមួយសម្រាប់ ឧបករណ៍សម្រាប់កិនកញ្ឆា ០២ គ្រឿង ខ្សៀសម្រាប់ជក់កញ្ឆា ចំនួន ០៨ និងសឺរ៉ាងចាក់ថ្នាំ ០១ ៕
No comments:
Post a Comment