លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ត បានគូសបញ្ជាក់ថា ដោយអនុវត្ត តាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការ ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត រៀបចំធ្វើតេស្ត ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានា ប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និង អភិបាលកិច្ចល្អ នៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត ។
សូមជម្រាបថា ក្នុងការធ្វើតេស្តនេះ មន្ត្រីចំនួន ៤៥នាក់ ក្នុងនោះស្រី ៧នាក់ បានអវត្តមាន ដោយ ២៦នាក់បានសុំច្បាប់, ១៧នាក់ជាប់បេសកកម្ម, លាឈប់ ១នាក់ និង ទំនាក់ទំនងមិនបាន១នាក់ ។
អភិបាលខេត្តសៀមរាប លើកឡើងថា ការធ្វើតេស្តរកធាតុញៀនលើមន្ត្រីរាជការនៃអង្គភាពសាលាខេត្តនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និង អភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។
លោកអភិបាលខេត្ត បានបញ្ជាក់ថា មន្ត្រីរាជការក្នុងខេត្ត ត្រូវតែចូលរួមធ្វើតេស្តទាំងអស់គ្នា ដើម្បីបញ្ជាក់ នូវភាពស្អាតស្អំ ភាពត្រឹមត្រូវ ក៏ដូចជាបញ្ជាក់ពីការចូលរួមគាំទ្រយុទ្ធនាការនេះ ដើម្បីអនុវត្តទៅទទួលបានជោគជ័យ ៕
No comments:
Post a Comment