មកស្ដាប់ចម្លើយសារភាពរបស់ជនដៃដល់ដែលបាញ់តដៃជាមួយសមត្ថកិច្ចនៅមុខវត្តបទុមវត្តី ប្រវត្តិមិនធម្មតា - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, December 12, 2023

មកស្ដាប់ចម្លើយសារភាពរបស់ជនដៃដល់ដែលបាញ់តដៃជាមួយសមត្ថកិច្ចនៅមុខវត្តបទុមវត្តី ប្រវត្តិមិនធម្មតា

ជនសង្ស័យ ចំនួន ០២ នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោកម៉ូតូជនរងគ្រោះបានសម្រេចនៅមុខវត្តបទុមវត្តី និងបានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច រហូតបណ្ដាលឱ្យអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌម្នាក់រងរបួសត្រង់ភ្លៅខាងឆ្វេង ។

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនសង្ស័យទាំង ០២ នាក់ ដែលឃាត់ខ្លួនមានឈ្មោះ ប្រឹង សំណល់ ហៅ រស់ ចាន់ធី ហៅ រស់ សារិន ហៅ ម៉ៅ ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិយស ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ឈ្មោះ ធី សារឿន ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិដូនទុង ឃុំព្រះនេត្រព្រះ ស្រុកមេសាង ខេត្តព្រៃវែង ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៧ ព្រឹក ពួកខ្លួនបានជិះម៉ូតូ ០១ គ្រឿង ម៉ាក Click ពណ៌ស ឆ្នាំផលិត២០២០ ពាក់ស្លាកលេខ ព្រៃវែង 1X-4127 ចេញពីវត្តសន្សំកុសល ដើម្បីដើររក លួចម៉ូតូ (កាច់កម៉ូតូ) ដែលគេចតតាមផ្លូវសាធារណៈ ។ រហូតដល់វេលាម៉ោងប្រហែល ១៦ ៖ ៣០ នាទី ពួកខ្លួនបានជិះមកដល់ម្ដុំផ្សារទួលទំពូងបានឃើញម៉ូតូ ០១ គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២២ ដែលគេចតទុកមុខហាង ហើយឈ្មោះ ធី សំណល់ បានធ្វើសកម្មភាពយកដែកសំប៉ែតមុខស្រួចបុកទម្លុះបំបែកសោរកាច់កបានសម្រេច រួចជិះទៅលក់ឲ្យបុរសម្នាក់នៅផ្លូវជាតិលេខ២ ម្ដុំរង្វង់មូលកួរស្រូវ ។

ជនសង្ស័យបានសារភាពបន្ថែមថា ពេលលក់បានហើយពួកខ្លួនក៏ជិះម៉ូតូចូលមកភ្នំពេញវិញ ដើម្បីដើររកលួចបន្តទៀត រហូតដល់ម៉ោងប្រហែល ០៨ យប់ ពេលមកដល់ម្ដុំសួនច្បារវត្តបទុមក៏បានឃើញម៉ូតូ ០១ គ្រឿង ម៉ាកសេ១២៥ ដែលចតទុកចោលមុខអាគារមួយកន្លែង ហើយពួកខ្លួនបានដកអាវុធខ្លីដែលសៀតនៅចង្កេះមកបញ្ចូលគ្រាប់ រួចដើរសំដៅទៅរកម៉ូតូដែលគេចតទុកចោលនោះ ។ ពេលកំពុងធ្វើសកម្មភាពកាច់សោក ម៉ូតូបានសម្រេចហើយបំរុងជិះគេចខ្លួនក៏ឃើញមានសមត្ថកិច្ចទៅដល់ ហើយពួកខ្លួនបានបាញ់តបតជាមួយសមត្ថកិច្ចបណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួស ពេលបាញ់អស់គ្រាប់ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ។

ជនសង្ស័យបញ្ជាក់ថា ចំពោះអាវុធខ្លីគឺពួកខ្លួនបានមកពីឈ្មោះ ពៅ ដែលធ្លាប់ដើរលួចកាច់សោកម៉ូតូជាមួយគ្នា ហើយឈ្មោះ ពៅ នេះគឺត្រូវបានប៉ូលិសបាញ់ស្លាប់កាលពីកន្លះឆ្នាំមុនបាត់ទៅហើយ ។

ក្រៅពីសកម្មភាពលួចកាច់សោកម៉ូតូខាងលើនេះ ជនសង្ស័យធ្លាប់បានធ្វើសកម្មភាពលួច (កាច់កម៉ូតូ) បានសម្រេចចំនួន ០៥ លើកទៀត នៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក ០១ លើក, ដូនពេញ ០១លើក, ច្បារអំពៅ ០១ លើក និងខណ្ឌចំការមន ០២ លើក ហើយម៉ូតូដែលលួចបានគឺយកទៅលក់ឱ្យបុរសម្នាក់នៅខេត្តតាកែវ ។

គួររំលឹកថា លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ត្រូវបានជនសង្ស័យបាញ់បណ្ដាលឱ្យរងរបួសបាក់ភ្លៅខាងឆ្វេង ក្នុងប្រតិបត្តិការដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញាសង្ស័យ ចំនួន ០២ នាក់ ដែលធ្វើសកម្មភាពកាច់កម៉ូតូ ០១ គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JX-9143 ដែលជនរងគ្រោះបានចតនៅមុខអាគារម្តុំសួនច្បារវត្តបទុមវត្តី ផ្លូវលេខ២៤៦ កែងផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ៕









No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages