លោកស្រីបណ្ឌិត ជា សិរី៖ ការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ ក្នុងវិស័យកសិកម្ម ខណៈម្ហូបអាហារតំណាងឱ្យជាង ៤៣% នៃកន្ត្រកទំនិញ និងសេវា - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, December 8, 2023

លោកស្រីបណ្ឌិត ជា សិរី៖ ការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ ក្នុងវិស័យកសិកម្ម ខណៈម្ហូបអាហារតំណាងឱ្យជាង ៤៣% នៃកន្ត្រកទំនិញ និងសេវា

(ភ្នំពេញ) ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ជាទូទៅផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងវិស័យកសិកម្មដោយផ្ទាល់ និងវិស័យដទៃទៀតដោយប្រយោល ខណៈម្ហូបអាហារតំណាងឱ្យជាង ៤៣% នៃកន្ត្រកទំនិញ និងសេវា ដែលក្រុមគ្រួសារ នៅកម្ពុជាប្រើប្រាស់ជាប្រចាំ ដូចនេះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុទៅលើវិស័យកសិកម្ម អាចបង្កជាបញ្ហាសន្តិសុខស្បៀង និងទំនិញឡើងថ្លៃ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជារួម។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងបែបនេះ នៅក្នុងពិធីបើកសន្និសីទម៉ាត្រូរសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១០ ស្តីពីហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដោយមានអញ្ជើញចូលពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ផងដែរ។

លោកទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា គ្រោះមហន្តរាយបានកើតចេញឡើងជាបន្តបន្ទាប់ ដោយសារការប្រែប្រួលអាកាសធាតុ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ដែលកើតមានកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ព្រមទាំងបានបង្កជាវិបត្តិសុខភាព ស្បៀងអាហារ ការបាត់បង់អាយុជីវិត និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងដំណំ។ លើសពីនេះ ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែបង្កហានិភ័យជារូបវ័ន្តប៉ុណ្ណោះទេ ថែមទាំងទៅលើសេដ្ឋកិច្ច និងសង្គមទាំងមូល ដោយគ្មានព្រំដែនតាមរយៈវិស័យពាណិជ្ជកម្ម ការវិនិយោគ អតិផរណា អត្រាការប្រាក់ ភាពអត់ការងារធ្វើ រហូតដល់អស្ថិរភាពហិរញ្ញវត្ថុសេដ្ឋកិច្ចនិងសង្គមទាំងមូល។

លោកស្រី បានបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលបញ្ចេញឧស្ម័នកាបូនទាប ប៉ុន្តែជាប្រទេសមួយដែលងាយ រងគ្រោះនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសតាមរយៈវិស័យកសិកម្ម។

យោងតាមរបាយការណ៍ដែលទើបចេញផ្សាយកាលពីចុងខែតុលារបស់ធនាគារពិភពលោក កម្ពុជាកំពុងរងផលប៉ះពាល់ខ្លាំងពីការប្រែប្រួលអាកាសធាតុ ដោយភាពរាំងស្ងួត និងទឹកជំនន់បានកើតមានញឹកញាប់ និងខ្លាំងជាងមុន ដែលក្នុងនោះផលស្រូវបានបាត់បង់ប្រមាណ ១០០លានដុល្លារអាមេរិក ដោយសារគ្រោះរាំងស្ងួតបណ្តាលមកពីបាតុភូត El Nino កាលពីឆ្នាំ២០១៩ ខណៈដែលប្រឈមនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ និងគ្រប់គ្រងផលវិបាកកើតចេញពីការប្រែប្រួលអាកាសធាតុ។

លោកស្រី ជា សិរី បានបន្តថា បញ្ហានេះក៏អាចនឹងរួមចំណែកបង្កើនវិសមភាពសង្គម និងធ្វើឱ្យក្រុមគ្រួសារ និងប្រជាពលរដ្ឋងាយរងគ្រោះធ្លាក់ចុះទៅក្រោមបន្ទាត់ក្រីក្រផងដែរ។ គ្រោះទឹកជំនន់នៅខែកញ្ញាឆ្នាំ ២០២២ បានប៉ះពាល់ខេត្តចំនួន ១៤ និងប្រជាពលរដ្ឋប្រមាណ ៤ម៉ឺន ៥ពាន់គ្រួសារ។

បើតាមលោកស្រីបណ្ឌិត ជា សិរី បានអះអាងថា ដើម្បីឈានទៅកាត់បន្ថយការកើនឡើងកម្ដៅឱ្យស្ថិតនៅទាបជាង ២អង្សា និងល្អបំផុត ត្រឹម ១,៥អង្សា ស្របតាមគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៨ ពិភពលោកចាំបាច់ត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានយ៉ាងតិច ៤៥% នៅត្រឹមឆ្នាំ២០៣០ ធៀបនឹងឆ្នាំ២០១៩ និងឆ្ពោះទៅកាន់អព្យាក្រឹតកាបួន ឱ្យបានត្រឹមឆ្នាំ ២០៥០ ពោលត្រូវលុបបំបាត់ការបញ្ចេញឧស្ម័នកាបូន ឬរាល់ការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស ត្រូវស្រូបយកមកវិញឱ្យស្មើសូន្យ៕










No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages