(ភ្នំពេញ) ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឆែកឆេរឃ្លាំងស្តុក ០១ កន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានរកឃើញសាច់បង្កក នាំចូលពីបរទេសដោយគ្មានច្បាប់យ៉ាងច្រើនសម្បើមគឺជិត ៤០ ម៉ឺនគីឡូក្រាម ។
ការចុះឆែកឆេរឃ្លាំងស្តុកខាងលើនេះ មានការសម្របសម្រួលនីតិវិធីពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កក ០១ កន្លែង នៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រុមការងារ បានរកឃើញសាច់បង្កកគ្មានឯកសារច្បាប់ ក្នុងនោះមាន គ្រឿងមាន់ សាច់មាន់ សាច់ជ្រូក និងសាច់ក្របី សរុប ០២ ម៉ឺន ០៤ ពាន់ ៤២៤ កេះ ស្មើ ០៣ សែន ០៧ ម៉ឺន និង ៧៨៧ គីឡូក្រាម ។ នេះបើតាមការឱ្យដឹងរបស់លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុខព្យាបាល ដែលជាអ្នកដឹកនាំដោយផ្ទាល់នូវប្រតិបត្តិការឆែកឆេរខាងលើ ។
លោក ហ៊ុន សារ៉ាត់ បន្តថា សាច់សត្វបង្កកខាងលើទាំងអស់នេះ ត្រូវបាននាំចូលពីបរទេស មកស្តុកទុកនៅក្នុងឃ្លាំង ដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ ហើយក្រុមការងារ បានស្នើសុំព្រះរាជអាជ្ញា បិទឃ្លាំងបង្កកសាច់សត្វខាងលើនេះ ជាបណ្ដោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។ គ្រាន់តែទទួលបានដំនឹងនេះភ្លាម លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តាមរយៈ Telegram ក៏បានសាទរយ៉ាងក្លៀវក្លាចំពោះលទ្ធផលដ៏ច្រើនសម្បើមនេះដែរ ។
ក្នុងនោះ លោក ស្រ៊ុន ពៅ តំណាងអ្នកចិញ្ចឹមសត្វកម្ពុជា គឺដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនទាំងអស់គ្នា សូមថ្លែងអំណរគុណ អគ្គនាយកដ្ឋានសុខភាពសត្វ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់សុខភាពរបស់ប្រជាពលរដ្ឋ, កសិករ គឺសម្តេចអនុញ្ញាតឱ្យរកវត្ថុអ្វីដែលជាវត្ថុយកបាន និងវត្តុអ្វីដែលត្រូវចោលមិនឱ្យខូចសុខភាព ។
គួរជម្រាបជូនថា សាច់បង្កកខុសច្បាប់ បាននិងកំពុងក្លាយជាភាពស្មុគស្មាញយ៉ាងខ្លាំងចំពោះអ្នកពាក់ព័ន្ធ ព្រោះវាត្រូវបានជនមិនសុចរិតប៉ុន្មាននាក់លួចលាក់នាំចូលដោយគ្មានការត្រួតពិនិត្យ និងបានធ្វើឱ្យវិស័យចិញ្ចឹមសត្វក្នុងស្រុកដួលរលំជាបន្តបន្ទាប់ ហើយក៏ត្រូវបានគេគិត និងបារម្ភដែរថា វាកំពុងគំរាមកំហែងយ៉ាងខ្លាំងចំពោះសុខភាពសាធារណៈ ពីព្រោះត្រូវបានគេជឿជាក់ថា សាច់បង្កកខុសច្បាប់ទាំងនោះគឺជាសាច់ខូចគុណភាព ហួសកាលរបរិច្ឆេទបរិភោគ ឬជាសាច់សត្វមានជំងឺដែលត្រូវគេកម្ទេចចោល ហេតុនេះពួកគេនាំយកមកលក់ថោកៗជាងថ្លៃដើមផលិតយ៉ាងឆ្ងាយ ។
តំណាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វថា យើងមិនគួរមើលរំលងទេ ការចាប់សត្វរស់ សាច់សត្វ ស៊ុតសត្វ និងផលិតផលធ្វើពីសាច់សត្វ ត្រូវបានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយស្ថាប័នពាក់ព័ន្ធ បង្ក្រាបបានជាបន្តបន្ទាប់ ៕
No comments:
Post a Comment