(ភ្នំពេញ) ៖ តារាសម្តែងវ័យក្មេង កញ្ញា អាង សុជាតា បានប្រកាសឱ្យនារីម្នាក់ ចេញមុខសុំទោសកញ្ញាជាសាធារណៈ បន្ទាប់ពីនារីរូបនោះបានយករូបភាពរបស់ កញ្ញា អាង សុជាតា យកទៅកាត់តក្នុងរូបភាពមួយមិនសមរម្យ ហើយបង្ហោះនៅតាមបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កញ្ញាយ៉ាងខ្លាំង ។
តារាសម្ដែងស្រីស្អាត កញ្ញា អាង សុជាតា បានបង្ហាញគណនី TikTok របស់នារីរូបនោះ ដែលមានឈ្មោះថា «sandydaos» ដែលបានយករូបភាពរបស់ កញ្ញា អាង សុជាតា មួយចំនួន យកទៅកាត់តតាមបច្ចេកទេស filter ដោយភ្ជាប់ជាមួយការស្លៀកពាក់បង្ហាញដើមទ្រូងធំៗ រួចបង្ហោះជាសាធារណៈ ជាហេតុនាំឱ្យមហាជនមួយចំនួនមានការភាន់ច្រឡំ ។ ហើយសកម្មភាពមួយនេះ បានធ្វើឱ្យតារាសម្ដែងវ័យក្មេង កញ្ញា អាង សុជាតា ហាក់ក្តៅចុងច្រមុះ និងសម្តែងការមិនសប្បាយចិត្តឡើយ ដ្បិតរូបកញ្ញាមិនបានធ្វើរឿងទាំងនេះនោះទេ ។ករណីនេះ កញ្ញាក៏បានប្រកាសឱ្យនារីម្នាក់នោះ ចេញមុខសុំទោសកញ្ញាជាសាធារណៈ នៅមុនពេលកញ្ញាអស់ការអត់ធ្មត់ ហើយនឹងមានវិធានការផ្លូវច្បាប់ ។
តារាសម្ដែងស្រីស្អាត កញ្ញា អាង សុជាតា បានបង្ហោះតាមបណ្តាញសង្គមថា «គ្មានពេលលេងសើចទេ ក្បាលកញ្ចាស់អស់ហើយ កុំមកនិយាយថា លេងតាម filter កុំគិតថារកមុខមិនឃើញ គ្រាន់ប្រាប់ ដឹងខ្លួនចេញមកសុំទោស កុំឱ្យខ្ញុំដល់ក» ។
យ៉ាងណាក៏ដោយ ក្រោយបញ្ចេញរឿងរ៉ាវខាងលើនេះជាសាធារណៈ មហាជន ជាពិសេសបណ្តាអ្នកគាំទ្រតារាសម្តែងរូបស្រស់នេះ ក៏នាំគ្នាសម្តែងការមិនសប្បាយដូចគ្នាផងដែរ និងបានចាត់ទុករឿងនេះ ជាការបំពុលសង្គម ក្នុងពេលដែលគេយល់ថា កន្លងមក តារាសម្ដែងស្រីរូបនេះ មិនដែលស្លៀកពាក់សិចស៊ីហួសហេតុនោះឡើយ បើទោះបីជាពេលនេះ នាងគឺជាតារាដែលមានឈ្មោះបោះសំឡេងម្នាក់ក៏ដោយ ។
ទោះបីជាយ៉ាងណា ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពសារព័ត៌មានយើង នៅមិនទាន់អាចសុំការបកស្រាយបន្ថែមពីតារាសម្តែង កញ្ញា អាង សុជាតា នៅឡើយទេ ក្នុងពេលដែលការសាកសួរមិនមានការឆ្លើយតប ។
ជុំវិញបញ្ហានេះ ម្ដាយរបស់កញ្ញា គឺអ្នកនាង ផាន់ ផាភួង បានបញ្ជាក់ថា «ចំពោះរឿងនេះ អ្នកនាងក៏មិនបានដឹងច្បាស់ដែរ ប៉ុន្តែកន្លងមក ក៏មានគេយករូបរបស់ សុជាតា ទៅលេងច្រើនដែរ ដោយនៅក្នុងនោះ មានមួយចំនួនក៏យកទៅលេងមិនសមរម្យដូចគ្នានេះដែរ» ។
អ្នកនាងបញ្ជាក់បន្ថែមថា «ក្រោយដឹងរឿងនេះ អាង សុជាតា ខឹងខ្លាំងណាស់ ព្រោះវាធ្វើឱ្យប៉ះពាល់កិត្តិយសយើងដែរ ដោយសារអ្នកខ្លះគាត់មិនដឹងថា យើងស្លៀកពាក់សិចស៊ីបែបនេះ ទាំងដែលយើងមិនដែលធ្វើរឿងបែបនេះឡើយ» ។
ចំពោះបញ្ហានេះ បើតាមអ្នកនាង ផាន់ ផាភួង ថា «រហូតមកទល់នាពេលនេះ អ្នកនាងក៏មិនទាន់បានដឹងថា នារីម្នាក់នោះបានលុបរូបភាព និងចេញមុខសុំទោស អាង សុជាតា ហើយឬនៅដែរ? ព្រោះមួយរយៈនេះ រូបនាង និងកូនមានការងាររវល់រៀងៗខ្លួន» ៕
No comments:
Post a Comment