(សៀមរាប) ៖ ធុងសំរាម ២៣៥ធុង ត្រូវបានអង្គការហ្វេក/FACT មន្ទីរបរិស្ថាន រួមនឹងអាជ្ញាធរខេត្តសៀមរាប ធ្វើការប្រគល់ជូនដល់ឃុំ/សង្កាត់ចំនួន៣ នៅជាប់មាត់បឹងទន្លេសាប នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីជាផ្នែកមួយជួយដល់យុទ្ធនាការគ្រប់គ្រងសំរាមប្លាស្ទិកក្នុងខេត្តសៀមរាប។
នាយកអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅកាត់ថា អង្គការហ្វេក/FACT លោក យុក សេងឡុង បានឲ្យដឹងថា ធុងសំរាមទាំង ២៣៥ធុងនេះ មានបីប្រភេទ គឺចំណុះ១២០លីត្រ ចំណុះ៦៦០លីត្រ និងប្រភេទធុងសម្រាប់ដាក់ជីសរីរាង្គ ហើយត្រូវបានប្រគល់ជូនដល់សង្កាត់ជ្រាវ ឃុំកំពុងភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ ខណៈកាលពីពេលថ្មីៗនេះ អង្គការក៏បានធ្វើការចែកជូនដល់ឃុំចំនួន៣ នៅស្រុកឯកភ្នំ ខេត្តបាត់ដំបងផងដែរ។ ការប្រគល់ជូននេះ គឺជាគោលដៅរបស់គម្រោង គឺដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពធន់របស់សហគមន៍នេសាទនៅតំបន់ជីវចម្រុះក្នុងបឹងទន្លេសាប រយៈពេលយូរអង្វែង ដែលគម្រោងនេះមានការផ្តោតជាសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចបង្កើនជីវភាពរបស់សមាជិកសហគមន៍គោលដៅ តាមរយៈការបង្កើតសហគមន៍កសិកម្ម សេវាកម្មអេកូទេសចរណ៍ ការបង្កើតនិងដំណើរការបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប (TEN) ការដាំបន្លែ ការចិញ្ចឹមឃ្មុំ ការកែឆ្នៃផលនេសាទ ការកែឆ្នៃកាបូបនិងវត្ថុអនុស្សាវរីយ៍ពីកំប្លោក និងការគ្រប់គ្រងកាកសំណល់ក្នុងតំបន់គោលដៅគម្រោង តាមរយៈការកែឆ្នៃសំរាមប្លាស្ទិកឲ្យទៅជាឥដ្ឋអេកូ កាបូប និងវត្ថុអន្សាវរីយ៍ជាដើម។
លោក យុក សេងឡុង បន្តថា ជាមួយគ្នានេះការប្រគល់ជូនធុងសម្រាមនេះក៏ជាផ្នែកមួយដ៏សំខាន់នៃគម្រោងនេះផងដែរ ដោយមានការសហការយ៉ាងល្អជាមួយស្ថាប័នរាជរដ្ឋបាលកម្ពុជា ជាពិសេសរដ្ឋបាល/ក្រុង និងមន្ទីរបរិស្ថានខេត្ត ក៏ដូចជារដ្ឋបាលស្រុកនិងឃុំនៅក្នុងតំបន់គោលរបស់គម្រោង ក៏បានផ្តោតជាសំខាន់លើការគ្រប់គ្រងសំណល់ប្លាស្ទិកនៅតាមទីសាធារណៈ តាមរយៈប្រមូល ទុកដាក់ និងចាត់ចែង ជាពិសេសការកែឆ្នៃសំណល់ប្លាស្ទិទាំងនេះទៅជាឥដ្ឋអេកូ និងកាបូប ក៏ដូចជាវត្ថុអនុស្សាវរីយ៍ និងសំណល់ផ្ទះបាយ ដោយកែឆ្នៃទៅជាជីសរីរាង្គ។ ជាមួយគ្នានេះអង្គការហ្វេក ក៏មានផែនការនៅក្នុងការទិញនិងផ្តល់ជូនដល់ឃុំ/សង្កាត់គោលដៅទាំងនេះ នូវមធ្យោបាយដឹកជញ្ជូនសំរាម ដូចជាទូក/កាណូត ឬរ៉ឺម៉ក់កង់បី នៅក្នុងពេលឆាប់ខាងមុខនេះផងដែរ។
លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប បានលើកឡើងថា បញ្ហាអនាម័យបរិស្ថាន ជាផ្នែកមួយសំខាន់ក្នុងចំណោមវិស័យផ្សេងទៀតដែលមាននៅក្នុងផែនការអភិវឌ្ឍន៍សង្កាត់ ហើយវាក៏ស្ថិតនៅក្នុងផែនការសកម្មភាពប្រចាំខែរបស់សង្កាត់។ ហើយបើទោះបីជាមួយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក៏បញ្ហាសំរាមនេះ នៅតែជាបញ្ហាប្រឈមដដែល ដោយសារតែមានប្រជាជនមួយភាគតូច តែងតែលបលួចដឹកយកសំរាមទៅចោលតាមទីសាធារណៈនៅពេលយប់។ បើទោះជាយ៉ាងណា លោកបានរំពឹងថា ធុងសំរាមនេះ ក៏នឹងជួយកាត់បន្ថយការចោលសំរាមពាសវាលពាសកាល បានមួយផ្នែកធំ។
លោក ណម គិមអន អនុប្រធានមន្ទីបរិស្ថាន ខេត្តសៀមរាប បានឲ្យដឹងថា នៅខេត្តសៀមរាប ប្រជាពលរដ្ឋបានផលិតសំរាមប្រមាណ ៦០០តោនក្នុងមួយថ្ងៃ ហើយភាគច្រើនជាសំរាមប្លាស្ទិក ក្នុងនោះសំរាមប្រមាណតែជាង ៥០ភាគរយប៉ុណ្ណោះ ត្រូវបានប្រមូលចូលទីលានចាក់សំរាម និងយកមកកែច្នៃ។ ក្នុងគោលដៅកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ដែលឈរលើអាទិភាពចម្បង៣ គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេច បាននូវអព្យាក្រឹតភាពកាបូន។
លោកអនុប្រធាន បន្តថា ដើម្បីសម្រេចបាននូវគោលដៅនេះ វាទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ព្រោះថាផែនដីរបស់យើងមានតែមួយ ដូច្នេះសំរាមដែលយើងបោះចោលទោះតិចឬច្រើនវានៅលើផែនដីតែដដែល។ ជាមួយគ្នានេះ លោកក៏បានជំរុញដល់ប្រជាពលរដ្ឋទូទៅ ត្រូវចូលរួមអនុវត្តគោលការណ៍ “៤ក” ឬ 4R ។ គោលការណ៍ “៤ក” ឬ 4R គឺ៖ទី១.កុំប្រើប្រាស់ផលិតផលប្លាស្ទិកដែលអាចប្រើប្រាស់បានតែម្តង, ទី២.កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកតាមរយៈសំភារៈគិតគូរពីបរិស្ថានវិញ, ទី៣.ការប្រើប្រាស់សំភារៈពីប្លាស្ទិកឡើងវិញ និងទី៤.កែច្នៃសំភារៈពីប្លាស្ទិក៕
Wednesday, December 27, 2023
ទំព័រដើម
ព័ត៌មានជាតិ
ធុងសំរាមជាង២០០ ត្រូវបានចែកជូនឃុំសង្កាត់ចំនួន៣ នៃបឹងទន្លេសាប ជាផ្នែកមួយជួយដល់យុទ្ធនាការគ្រប់គ្រងសំរាមប្លាស្ទិកក្នុងខេត្តសៀមរាប
ធុងសំរាមជាង២០០ ត្រូវបានចែកជូនឃុំសង្កាត់ចំនួន៣ នៃបឹងទន្លេសាប ជាផ្នែកមួយជួយដល់យុទ្ធនាការគ្រប់គ្រងសំរាមប្លាស្ទិកក្នុងខេត្តសៀមរាប
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment