(ភ្នំពេញ) ៖ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងដ្ឋាននគរបាលជាតិ បានធ្វើពិធីបង្ហាញពីស្នាដៃបង្ក្រាបបទល្មើស កែច្នៃ ផលិត រក្សាទុក និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ០១ ករណី ហើយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៤ នាក់ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្នុងនោះជនជាតិចិន ០២ នាក់ និងជនជាតិវៀតម ០២ នាក់ រួមនឹងវត្ថុតាងម៉ាស៊ីនកែច្នៃសម្រាប់ផលិត និងថ្នាំញៀនរាប់សិបគីឡូក្រាមទៀត ។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ មានប្រជាពលរដ្ឋល្អបានមករាយការណ៍ជូនមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) ថា មានមុខសញ្ញាតែងតែប្រព្រឹត្តសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានមធ្យោបាយធ្វើដំណើរដោយម៉ូតូ ០១ គ្រឿង មានភិនភាគម៉ាក SUZUKI VIVA ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1AH-5938 ។បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ លោកឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករងមន្ទីរ និងលោកវរៈសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យទី១១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ព្រមទាំងមន្ត្រីជំនាញ (ក១១) បានចុះទៅស៊ើបអង្កេតលើមុខសញ្ញានោះ ក្រោមសម្របសម្រួលនីតិវិធីពីលោក ស៊ន មុនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ នៅវេលាម៉ោង ០៦ ល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ពេលនោះ ក៏ស្រាប់តែប្រទះឃើញជនសង្ស័យ ០២ នាក់ កំពុងតែធ្វើដំណើរដោយមធ្យោបាយម៉ូតូ ០១ គ្រឿង ដែលមានភិនភាគដូចប្រជាពលរដ្ឋបានរាយការណ៍ បន្ទាប់មកសមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួន ហើយពិនិត្យឃើញមានវត្ថុតាងសារធាតុញៀនមួយចំនួន ។
រហូតដល់វេលាម៉ោងប្រមាណ ០៧ យប់ថ្ងៃខែដដែល សមត្ថកិច្ចក៏បន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចបុរីវីឡាថោន មុខផ្ទះលេខ L-65 ផ្លូវលេខ V-16 ស្ថិតក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដែរ ។ បន្ទាប់មកទៀត នៅវេលាម៉ោង ០៧ កន្លះយប់ សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យថែមម្នាក់ទៀត នៅចំណុចមុខបុរីវីឡាថោន ផ្លូវ ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបន្តឆែកឆេរផ្ទះលេខ L-65 ផ្លូវលេខ V-16 ស្ថិតក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤ នាក់ ក្នុងរួមមាន ១-ឈ្មោះ ឡេ មិនហ៊ុយ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិវៀតណាម ២- ឈ្មោះ ចឹង ង៉ុកហ្វាក ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិវៀតណាម ៣- ឈ្មោះ ជា ជេក (XIE JIE) ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិចិន និង៤- ឈ្មោះ ភី ភី (PEI PEI) ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិចិន ។
ចំណែកវត្ថុតាងដែលចាប់យក រួមមាន៖ ១- សារធាតុញៀនសុទ្ធ ចំនួន ៥៨ គីឡូ ២២៤ ក្រាម ២- សារធាតុមិនច្បាស់លាស់សម្រាប់ផលិតគ្រឿងញៀនជាង ៣០០ គីឡូក្រាម ៣- ម៉ាស៊ីនកែច្នៃ សម្រាប់ផលិតគ្រឿងញៀន ចំនួន ០២ គ្រឿង ៤- ម៉ូតូ ចំនួន ០៣ គ្រឿង និង៥- ទូរសព្ទ ចំនួន ០៤ គ្រឿង ។
ក្រោយពីបង្ហាញមុខជនសង្ស័យទាំង ០៤ នាក់ រួមទាំងវត្ថុតាង ជនសង្ស័យត្រូវបានសមត្ថកិច្ចក៏សាងសំណុំរឿង រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
No comments:
Post a Comment