គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៨ ៖៤០ នាទី នៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណី “ឃាតកម្ម” មួយកើតឡើង ដែលបង្កឡើងដោយឈ្មោះ វណ្ណាវី វច្ចណៈ ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ត្រូវជាកូនដើម) បានធ្វើសកម្មភាព ប្រើប្រាស់កាំបិត ស (ចិតបន្លែ) ចាក់សម្លាប់ លើជនរងគ្រោះឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ ៦៥ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ឪពុកចុង) បណ្តាលឱ្យស្លាប់នឹងកន្លែងកើតហេតុ ។ មូលហេតុ៖ ទំនាស់គ្រួសារ ។
ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាល និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ (ដឹកនាំដោយឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌ) និងអធិការដ្ឋាននគរបាលស្រុកថ្មដា ដើម្បីស្រាវជ្រាវតាមជំនាញនីតិវិធី រហូតដល់កំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីកន្លែងលាក់ខ្លួន ។
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៤ ៖ ៣០ នាទី កម្លាំងជំនាញ បានបន្តដឹកនាំសហការធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វណ្ណាវី វច្ចណៈ ភេទប្រុស អាយុ ៣០ ជនជាតិខ្មែរ នៅចំណុចភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
បច្ចុប្បន្ននាយកដ្ឋានធ្វើការនាំខ្លួនជនសង្ស័យ ទៅធ្វើការសាកសួរនៅនាយកដ្ឋាន ដើម្បីបំពេញនីតិវិធីប្រគល់ទៅ ឱ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី និងផ្តន្ទាទោសតាមច្បាប់ ៕
No comments:
Post a Comment