សមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់រថយន្តខ្នាតធំ ១គ្រឿង ដឹកអុសកៅស៊ូពីលើ និងបង្កប់ឈើប្រណីតពីក្រោម - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Friday, December 8, 2023

សមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់រថយន្តខ្នាតធំ ១គ្រឿង ដឹកអុសកៅស៊ូពីលើ និងបង្កប់ឈើប្រណីតពីក្រោម

(ស្ទឹងត្រែង) ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានស្ទាក់ចាប់រថយន្តយីឌុប ០១ គ្រឿង ដែលដឹកអុសកៅស៊ូពីលើ និងបង្កប់ឈើអារប្រណីតល្មើសច្បាប់ ជិត ១៤០ សន្លឹក ពីក្រោម ។ រថយន្តល្មើសនេះ បានចេញពីខេត្តរតនគិរី នៅម៉ោងជិតពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី៦ ខែធ្នូ ជិតឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិសាស្ត្រភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

យោងតាមរបាយការណ៍របស់ផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានឱ្យដឹងថា ដោយមានការអនុញ្ញាតពី លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងនាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ០២ នាក់ បានចុះត្រួតពិនិត្យរថយន្ត ០១ គ្រឿង ក្រោយពីបង្ក្រាបដោយកម្លាំងនគរបាលខេត្ត និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។

រថយន្តដែលបង្ក្រាបនោះ បានដឹកអុសកៅស៊ូចេញពីស្រុកបរកែវ ខេត្តរតនគិរី ឆ្ពោះទៅកាន់ខេត្តព្រៃវែង ដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងក្រោយការពិនិត្យ (រើអុសទម្លាក់ចុះ) សមត្ថកិច្ចបានរកឃើញឈើអារល្មើសច្បាប់ ប្រភេទឈើអារលេខ១ ឈើឈ្លីក ចំនួន ១៣៨ សន្លឹក ស្មើ ៤,១៤០ ម៉ែត្រត្រីគុណ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលស ទ្រុងខៀវ ពាក់ផ្លាកលេខ ព្រៃវែង 3A -1258 ពិតជាមានលួចលាក់បង្កប់ផ្ទុកឈើអារល្មើសច្បាប់ នៅក្នុងរថយន្តនេះពិតប្រាកដមែន ។

របាយការណ៍រដ្ឋបាលព្រៃឈើ បានបង្ហាញអំពីចម្លើយរបស់ម្ចាស់រថយន្តឈ្មោះ ហម ឈន ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងបក្ខពួក ០២ នាក់ទៀត ដោយបានបញ្ជាក់ថា ពួកគេបានដឹកឈើខាងលើតាមរថយន្តចេញពីស្រុកបរកែវ ខេត្តរតនគិរី ដោយឈើអារទាំងនោះ ពួកគេបានទិញពីប្រជាពលរដ្ឋនៅទីនោះ ក្នុងតម្លៃ ១ ម៉ែត្រត្រីគុណ ស្មើនឹង ៧០ ម៉ឺនរៀល ហើយយកទៅលក់បន្ត នៅក្នុងខេត្តព្រៃវែង តាមតម្លៃទីផ្សារជាក់ស្តែង ។

ក្រោយការង្ក្រាប រថយន្តត្រូវបានរក្សាទុកបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ។ ដោយឡែក ឈើជាវត្ថុតាង ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ។

ឯចំណែកជនសង្ស័យទាំង ០៣ នាក់ បានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញក្រោយសួចម្លើយ និងរង់ចាំការចូលខ្លួនមកបង់ពិន័យអន្តរកាល តាមច្បាប់ស្តីពីព្រៃឈើ នៅសាលាដំបូងខេត្តស្ទឹងត្រែង ៕








No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages