តាមរយៈសេចក្តីថ្លែងការណ៍របស់មេធាវី យ៉ុន ប៊ុនណា និងមេធាវី ធីម សុភាព ដែលជាក្រុមមេធាវីតំណាងលោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៨:៤៦នាទី ទំព័រហ្វេសប៊ុក VOD Khmer បានបង្ហោះផ្សាយវីដេអូ និងធ្វើបទអត្ថាធិប្បាយបំផ្លើសពីការពិត និងគ្មានមូលដ្ឋាន ដោយដាក់ចំណងជើងថា «លោក អ៊ាង សុផល្លែត រងការចោទប្រកាន់ថា ស៊ីដាច់លុយជាង ៨ម៉ឺនដុល្លារពីការទិញដី នៅខេត្តកំពត»។
សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា «ការផ្សាយបំផ្លើសក្នុងវីដេអូនេះ ត្រូវបានផលិតក្រោមកិច្ចសហការដោយចេតនាទុច្ចរិតគិតទុកជាមុន រវាងសារព័ត៌មានក្រៅច្បាប់ VOD Khmer និងទណ្ឌិត អ៉ឹង លីប៉េង ដើម្បីទំលាក់កំហុស ដោយអសុទ្ធចិត្ត ក្នុងគោលបំណងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម អ៊ាង សុផល្លែត និងធ្វើឱ្យសាធារណជនភាន់ច្រឡំ ព្រមទាំងជាអំពើនៃការញុះញង់ឱ្យមានសាធារណមតិអវិជ្ជមាន»។
តាមរយៈសេចក្ដីបំភ្លឺនេះ ក្រុមមេធាវីតំណាងលោកបណ្ឌិត
អ៊ាង សុផល្លែត សូមបញ្ជាក់ជូនសាធារណជនជ្រាបថា ឈ្មោះ អ៉ឹង លីប៉េង មិនត្រឹមតមិនបានអនុវត្តការងារតាមការសន្យាលើការងារកម្រៃជើងសារ នៃការទិញលក់ដី កាលពីឆ្នាំ២០១៨នោះទេ ថែមទាំងត្រូវបានលោក អ៊ាង សុផល្លែត ប្រគល់ប្រាក់កម្រៃជើងសារមួយចំនួន ហើយបុគ្គលនេះបានព្រមព្រៀងទទួលយកដោយគ្មានការបង្ខិតបង្ខំ និងបានធ្វើលិខិតប្រគល់ទទួលប្រាក់ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ដើម្បីបញ្ជាក់ថា រឿងនេះបានចប់សព្វគ្រប់អស់ហើយ។
បន្ទាប់ពីទទួលប្រាក់រួចមក នៅខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ អ៉ឹង លីប៉េង បែរជាប្រែក្រឡាស់ ដោយបង្កបញ្ហាពាក់ព័ន្ធនឹងប្រាក់កម្រៃជើងសារដដែលនេះជាថ្មី ព្រមទាំងគំរាមកំហែងទាមទារប្រាក់បន្ថែមទៀតពីលោក អ៊ាង សុផល្លែត តាមរយៈសារអេឡិចត្រូនិចជាបន្តបន្ទាប់ និងបានបរិហារចោទប្រកាន់ដោយមិនត្រឹមត្រូវគ្មានមូលដ្ឋានថែមទៀតផង។ លើសពីនេះ នៅអំឡុងខែសីហា ឆ្នាំ២០១៩ ឈ្មោះ អ៉ឹង លីប៉េង បានដាក់ពាក្យប្ដឹងលោក អ៊ាង សុផល្លែត ពីបទឆបោក រំលោភលើទំនុកចិត្ត និងរក្សាទុកទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សកម្មភាពរបស់ទណ្ឌិត អ៉ឹង លីប៉េង និងបក្ខពួក ដែលសហការផ្សព្វផ្សាយព័ត៌មានមិនពិត តាមរយៈបណ្ដាញសង្គម និងសារព័ត៌មានក្រៅច្បាប់ ដើម្បីបង្កាច់បង្អួចកិត្តិយសលោក អ៊ាង សុផល្លែត មិនត្រឹមតែជាការវាយប្រហារ ជាលក្ខណៈបុគ្គលនោះទេ ជនទាំងនេះបានផ្សាភ្ជាប់មុខងារលោកជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមុខងារនានារបស់ក្រុមគ្រួសារ ដែលបង្ហាញពីចេតនាធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ មានចរិកញុះញង់ឱ្យមានការរើស អើងបុគ្គល ក៏ដូចជារើសអើងអ្នករាជការសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់ស្ថាប័នរដ្ឋ៕
No comments:
Post a Comment