ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, November 2, 2023

ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន

អ្នកឧកញ៉ា ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស រួមទាំងគូកន ០៥ នាក់ផ្សេងទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារប៉េហ្ស៊ី ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ នេះបើយោងតាមប្រភពព័តិមានពីពន្ធនាគារប៉េហ្ស៊ីភ្នំពេញដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា ការដោះលែងលោកឧកញ៉ា ហ៊ី គឹមហុង និងគូកនរបស់គាត់ឱ្យនៅក្រៅឃុំនេះ គឺយោងតាមសេចក្ដីសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

លោក ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានឃាត់ខ្លួននៅទីស្នាក់ការក្រុមហ៊ុនពិភពដីមាស នៅភូមិត្រពាំងថ្ងាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្រោយពីមានការផ្ទុះអាវុធគំរាមគ្នារវាងសមត្ថកិច្ច និងក្រុមអង្គរក្សរបស់អ្នករកស៊ីដីធ្លីនេះ ។ ក្រោយចាប់ខ្លួន តុលាការបានចោទប្រកាន់ពីបទ រំលោភសេចក្តីទុកចិត្ត និងឆបោកពលរដ្ឋរាប់រយគ្រួសារ និងត្រូវឃុំខ្លួនបណ្ដោះអាសន្នចំនួន ០៦ នាក់ ចំណែកមនុស្សប្រុសស្រី ០៨ នាក់ផ្សេងទៀត ត្រូវដោះលែងឱ្យមានសេរីភាពវិញ ។

មុនឈានដល់ការចាប់ខ្លួនអ្នកឧកញ៉ារូបនេះ ដោយសារអ្នកពាក់ព័ន្ធ រួមនឹងអ្នកការពារជាច្រើននាក់ បានប្រើប្រាស់កាំភ្លើងច្រូងច្រាង និងវាយលើសមត្ថកិច្ចថែមទៀត ។ កន្លងមកក្រុមហ៊ុនពិភពដីមាស ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារដាក់ពាក្យប្តឹងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសំណូមពរឱ្យជួយពន្លឿនក្នុងការរកដំណោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុនមួយនេះ ។

ក្រុមប្រជាពលរដ្ឋ បានបញ្ជាក់ថា មកដល់ពេលនេះក្រុមហ៊ុនគ្មានដំណោះស្រាយសមស្របណាមួយ សម្រាប់ពួកគាត់នោះឡើយ ខណៈបុគ្គលិកធនាគារកាន់តែបង្ខំទារលុយដោយនាំគ្នាមកដល់ផ្ទះពួកគាត់ស្ទើររាល់ថ្ងៃ ដោយអ្នកខ្លះមិនហ៊ាននៅផ្ទះទេ ព្រោះបុគ្គលិកធនាគារខ្លះប្រើពាក្យសម្តីពិបាកស្តាប់ណាស់ ។ ក្រុមហ៊ុនពិភពដីមាស ខកខានផ្តល់លុយជាច្រើនខែមកហើយទៅឱ្យពលរដ្ឋតាមកិច្ចសន្យា ។

យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពតថា បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសចំនួន ៦៧៨ បណ្តឹង ក្នុងទំហំទឹកប្រាក់ប្រមាណ ១២.៦៤៧.៣៥០ ដុល្លារ (ដប់ពីរលានប្រាំមួយរយសែសិបប្រាំពីរពាន់បីរយហាសិបដុល្លារ) ៕







No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages