(ស្ទឹងត្រែង) ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថានឹងចាប់បទល្មើសនេសាទតាមប្រព័ន្ធទំនើបនៅព្រឹកថ្ងៃទី ៩ខែវិច្ឆិកាឆ្នាំ២០២៣។
ក្នុងពេលចុះជួបអ្នកធ្លាប់ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់នៅសាលាសង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង លោក ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានស្នើសុំប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេសាទខុសច្បាប់ បើពុំនោះទេមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការតឹងរ៉ឹងដោយមិនលើកលែងតទៅទៀតឡើយ។លើសពីនេះមន្ត្រីជំនាញចាប់ផ្ដើមប្រើឧបករណ៍ទំនើបប្រភេទដ្រូនបង្ហោះពីលើអាកាសចាប់យករូបភាពជនប្រព្រឹត្តបទល្មើសបានទាំងពេលយប់និងពេលថ្ងៃនឹងចាត់វិធានការទៅតាមនីតិវិធី។
ដោយឡែក លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនាយ បានលើកឡើងថា ជនណាប្រព្រឹត្តបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់នឹងត្រូវជាប់ទោសក្នុងពន្ធនាគារពីបីឆ្នាំទៅ៥ឆ្នាំ ខាតបង់ទ្រព្យសម្បត្តិបែកបាក់គ្រួសារ ដូច្នេះត្រូវជៀសឲ្យឆ្ងាយពីការនេសាទដែលសមត្ថកិច្ចហាមឃាត់។
លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានលើកឡើងផងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំមន្ត្រីជំនាញបានខិតខំធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមសហគមន៍តាមរយៈការជួបអប់រំដោយផ្ទាល់តាមឃោសនាស័ព្ទនិងតាមសារព័ត៌មានបណ្ដាញសង្គមនានាជាដើម ហើយខណ្ឌរដ្ឋបាលជលផលក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមអភិរក្សពូជត្រីទាំងអស់គ្នាឬដឹងពីបទល្មើសរាយការណ៍ទៅសមត្ថកិច្ចនិងជំនាញដើម្បីរក្សាបានផលត្រីឱ្យវាសម្បូរឡើងវិញ។
លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបាននិយាយទៀតថា កន្លងមកនេះមន្ត្រីជំនាញបានកំណត់អត្តសញ្ញាណមុខសញ្ញាពីសកម្មភាពប្រព្រឹត្តបទល្មើសជាច្រើនករណី ប៉ុន្តែដោយសារការយោគយល់ដល់ប្រជាពលរដ្ឋទើបមិនទាន់ដាក់ទោសដល់ពួកគាត់ ក៏ប៉ុន្តែចាប់ពីពេលនេះតទៅអ្នកប្រព្រឹត្តបទល្មើសនិងអ្នកទទួលផលទិញត្រីពីបទល្មើស ដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាឧបករណ៍ឆក់ជាដើមទៅឲ្យអ្នកដទៃនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដោយមិនលើកលែង។
បន្ថែមពីនេះមន្ត្រីជំនាញឃ្លាំមើលបទល្មើសនឹងបង្ហោះដ្រូនចាប់រូបភាពមិនថាយប់ឬថ្ងៃដែលមានរយៈពេលចម្ងាយរាប់គីឡូរួចកសាងសំណុំរឿងទៅតុលាការតែម្ដង។
លោក និន ពិសី នាយកដែនគ្រប់គ្រងតំបន់រ៉ាំសារបានលើកឡើងពីបញ្ហាប្រឈមបង្ក្រាបបទល្មើសកន្លងមកថាជនល្មើសសហការគ្នាវាយបកមកលើសមត្ថកិច្ចពេលកំពុងអនុវត្តច្បាប់រហូតឈានដល់ការសម្រេចចិត្តផ្ទុះអាវុធជាច្រើនគ្រាប់បង្ក្រាបបទល្មើសនេសាទនៅតំបន់អភិរក្ស។
នាយកដែនគ្រប់គ្រងរ៉ាមសារស្នើដល់អ្នកប្រព្រឹត្តសកម្មភាពល្មើសត្រូវតែឈប់ពីព្រោះប្រឈមមុខជាមួយផ្លូវច្បាប់។ លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងបានលើកឡើងថា ប្រជាពលរដ្ឋដែលធ្លាប់ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់និងទទួលទិញត្រីពីជនប្រព្រឹត្តបទល្មើសយកមកលក់រួមទាំងផ្តល់ឧបករណ៍ខុសច្បាប់ទៅឲ្យអ្នកប្រព្រឹត្ត ត្រូវតែឈប់ប្រព្រឹត្តបទល្មើសតទៅទៀត បើពុំនោះទេសមត្ថកិច្ចនឹងចាត់វិធានការហើយអាជ្ញាធរក៏មិនបានការពារដែរ៕
No comments:
Post a Comment