(កំពត) ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ច នៃស្នងការដ្ឋានខេត្តកំពត បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទប្រព្រឹត្តអំពើប្លន់ប្រដាប់អាវុធនៅស្រុកកំពង់ត្រាច ។
លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងនគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា ជនសង្ស័យក្នុងករណីខាងលើឈ្មោះ អេង កុសល ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។លោកស្នងការរងបានរៀបរាប់ថា កាលពីវេលាម៉ោង ០៤ ៖ ១៥ នាទីរសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា មានជនសង្ស័យ ០២ នាក់ ប្រើប្រាស់អាវុធខ្លី ០១ ដើម បានប្លន់នារីឈ្មោះ សាវ ភាន់ អាយុ ៣៤ ឆ្នាំ នៅពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ។ ក្នុងហេតុការណ៍នេះ ជនរងគ្រោះបានបាត់បង់អស់លុយ ០៤ លានរៀល កងដៃប្លាទីនទម្ងន់ ០១ តម្លឹង ០១ ជី ខ្សែកប្លាទីនទម្ងន់ ០៥ ជី ចិញ្ចៀនប្លាទីនទម្ងន់ ០១ ជី និងទូរសព្ទដៃ ០១ គ្រឿង ។
លោក លក ញ៉ាវ បានបញ្ជាក់ថា ដោយមានការចង្អុលណែនាំពីលោកឧត្តសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ មន្ត្រីនគរបាលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ព្រមទាំងសមត្ថកិច្ច នៃអធិការដ្ឋានស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច បានបើកការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យម្នាក់នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលព្យាយាមលាក់ខ្លួននៅភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ។
ពេលនេះសមត្ថកិច្ច កំពុងបន្តតាមស្វែងរកបក្ខពួកម្នាក់ទៀតដែលកំពុងគេចខ្លួនជាមួយអាវុធប្រព្រឹត្តបទល្មើសនោះផងដែរ ៕
No comments:
Post a Comment