(សៀមរាប) ៖ ជនដៃដល់ចំនួន៦នាក់ដែលបានធ្វើសកម្មភាពជិះរថយន្តហើយបាញ់បោះសេរី ក្នុងក្រុងសៀមរាបត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប តាមប្រមាញ់រហូតដល់ស្រុកពួក ចាប់ឃាត់ខ្លួន៦នាក់ និងរថយន្តចំនួនពីរគ្រឿងរួចនាំយកទាំងមនុស្ស និង វត្ថុតាង មកកាន់ការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ដើម្បីសួរនាំ។នគរបាលខេត្តនិយាយថា ហេតុការណ៍បាញ់បោះសេរី ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននោះ កើតឡើងនៅកណ្តាលក្រុងសៀមរាប វេលាម៉ោងប្រមាណជាង៧យប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅពីជើងរង្វង់មូលផ្លូវ៦០ម៉ែត្រ ចម្ងាយ៥០ម៉ែត្រ និងខាងកើតសណ្ឋាគារសុខាសៀមរាប ក្នុងក្រុមទី៩ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ការប្រដេញចាប់នេះរហូតដល់ស្រុកពួក ហើយចាប់បាននៅវេលាម៉ោង៨យប់់ថ្ងៃដដែល ។
លោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តសៀមរាបបាននិយាយថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តម សេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប និងមានកាតសម្របសម្រួលនីតិវិធីពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាបផង កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះធ្វើប្រតិបត្តិការស្រាវជ្រាវវ ហើយការបាញ់បោះនេះវាពាក់ព័ន្ធនឹងករណី ឆបោកមានស្ថានទម្ងន់ ទោស ( ប្រព្រឹត្តិដោយសហចារី )ផងដែរ។លោកបាននិយាយថាជនសង្ស័យទាំង៦ នាក់នោះ ទី១មានឈ្មោះ ជី តាយ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ គក់ជេរថយន្ត ទីលំនៅបច្ចុប្បន្នភូមិប្រឡាយហ្លួងលើ ឃុំឬស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
២-ឈ្មោះ ជាម ដា ភេទប្រុសអាយុ៤២ ឆ្នាំ មុខរបរ លក់ម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិអូរស្មាច់ ឃុំអូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ ។
៣-ឈ្មោះ ឈឹម សុភ័ណ្ឌ អាយុ ៤៧ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិសែសិន ឃុំអូរអំបិល ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។
៤-ឈ្មោះ ព្រឹល តន ហៅហេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិបន្ទាយទី២ ឃុំអូរសំពរណ៍ ស្រុកម៉ាឡៃ ខេត្តបាត់ដំបង ។
ទី៥-ឈ្មោះ អុឹង លីហុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង-ខេត្តសៀមរាប ។
និងទី៦-ឈ្មោះ អុឹង វាសនា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររកសុី ទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង- ខេត្តសៀមរាប ។
លោកស្នងការរងខេត្តសៀមរាបបានបន្តថាក្រោយពេលកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានទទួលសេចក្តីរាយការណ៍ពីជនរងគ្រោះ ឈ្មោះ ខូ អេងលី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅ ភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានរាយការណ៍មកថា មានក្រុមជនសង្ស័យចំនួន១ក្រុម កំពុងឆបោកប្រាក់របស់គាត់ដែលរកស៊ី ដោយប្រើរូបភាព ឱ្យជនរងគ្រោះយកប្រាក់ចំនួន ៥០០០ដុល្លារ ទៅដូរយកប្រាក់បាត ពីពួកគេចំនួន ១៧៧.៥០០បាត ដោយឱ្យជនរងគ្រោះចំណេញ៤០% ។
ជនរងគ្រោះនិយាយថា ដោយមានការសង្ស័យថា ត្រូវបានគេរៀបគំរោងឆបោក ទើបជនរងគ្រោះរាយការណ៍មកសមត្ថកិច្ច ហើយកម្លាំងយើងចុះប្រតិបត្តិការ ក្រុមជនសង្ស័យបានដឹងខ្លួន និង បើក រថយន្តសំដៅមកបំបុកកម្លាំងសមត្ថ កិច្ច ធ្វើឱ្យខូចខាតម៉ូតូចំនួន០១គ្រឿងនិងបានបាញ់ជាច្រើនគ្រាប់ ។
ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានព្យាយាមដេញតាមឃាត់រថយន្តរបស់ ជនសង្ស័យចាប់ពីចំណុចខាងកើតសណ្ឋាគារសុខា ផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប មកដល់ចំណុចមុខផ្សារពួក ដោយសហការជាមួយកម្លាំងនគរបាលអធិការស្រុកពួក និង កម្លាំងនគរបាលអន្តរាគមន៍ធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់ និង រថយន្ត ចំនួន០២គ្រឿង យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តែម្តង។
តាមចម្លើយរបស់ជនសង្ស័យទាំង០៦នាក់ ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ។
ជន៦នាក់និយាយថាកន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាព ចំនួន០២លើក ក្នុងខេត្តសៀមរាប រួចមកហើយ លើកទី១ កាលពីអំឡុងខែ តុលា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៨០ម៉ឺនបាត លើកទី២ កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រាក់ចំនួន ៤៣២.០០០បាត ធ្វើសកម្មភាពលើកចុងក្រោយ នេះក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ៕
No comments:
Post a Comment