(ភ្នំពេញ) ៖ មនុស្សប្រុសស្រីប្រមាណ ១០៣ នាក់ មានទាំងជនបរទេស ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅធ្វើការសាកសួរ ដោយសង្ស័យជាប់ពាក់ព័ន្ធការប្រើប្រាស់ HAPPY BALLON ( ប៉ោងប៉ោងរីករាយ ) ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ០២ ៖ ១០ នាទីអធ្រាត្រ ឈានចូលថ្ងៃ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ទីតាំងចុះឡោមព័ទ្ធនេះ ស្ថិតនៅក្លឹបមួយកន្លែង ដែលមានផ្លាកយីហោ NUMBER9 BASSAC LIVE DJS - DANCE FLOOR ស្ថិតនៅផ្លូវលេខ៣០៨ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ គេឃើញមានវត្តមានរបស់សមត្ថកិច្ច មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហកាជាមួយសមត្ថកិច្ចមូលដ្ឋានសង្កាត់ទន្លេបាសាក់ ចុះធ្វើការឡោមព័ទ្ធទីតាំងក្លឹបកម្សាន្តខាងលើ ព្រមទាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងនោះមានជនបរទេសផងដែរ ។
តាមរបាយការណ៍បឋម បានឱ្យដឹងថា មនុស្សដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានរហូតដល់ទៅ ១០៣ នាក់ មានទាំងខ្មែរ និងជនបរទេសប្រុសស្រីជាច្រើននាក់ ដោយសមត្ថកិច្ច បានដកហូតគ្រឿងសម្ភារដូចជា៖ ប៉ោងប៉ោងរីករាយទំហំធំចំនួន ០៤ និងតូចៗផ្សេងជាច្រើន និងបំពង់ខ្យល់សម្រាប់បញ្ចូលទៅក្នុង HAPPY BALLONS ចំនួន ១២ បំពង់ រួមទាំងបំពង់ឧស្ម័នសប្បាយចំនួន ០៤ បំពង់ធំផងដែរ ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង ១០៣ នាក់ ឡើងទៅលើរថយន្តដឹកអ្នកដំណើរចំនួន ០២ គ្រឿង ព្រមទាំងបញ្ជូនទៅកាន់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធីច្បាប់ផងដែរ ៕
No comments:
Post a Comment