(ភ្នំពេញ) ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចុះដឹកនាំបង្ក្រាបករណីគាស់ផ្ទះអ្នកលក់មាស និងប្ដូរប្រាក់ នៅស្រុងថ្ពង ខេត្តកំពង់ស្ពឺ យកអស់មាស ២៥០តម្លឹង ដោយឃាត់ខ្លួនជនដៃដល់ ០២ នាក់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង និងសៀមរាប ។
សមត្ថកិច្ចបាននិយាយថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣កន្លងទៅ មានករណីលួចមានស្ថានទម្ងន់ទោស គាស់ផ្ទះប្រជាពលរដ្ឋលួចយកគ្រឿងអលង្ការ របស់អាជីវករលក់មាស និងដូរប្រាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៤៤ ភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ យកអស់មាស ២៥០ តម្លឹង ។សមត្ថកិច្ចបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីកន្លែងលាក់ខ្លួន ។
សមត្ថកិច្ចបន្តទៀតថា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលជំនាញដឹកនាំ និងបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, និងខេត្តកោះកុង បានឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ០២ នាក់ ។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យ ០២ នាក់ រួមមាន ទី១-ឈ្មោះ ប៉ិច ផាណ្ណៈ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានស្រុកកំណើតនៅភូមិសាលាកន្សែង ឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប និងទី២-ឈ្មោះ ណាម វិចិត្រ ភេទប្រុស អាយុ ៣៩ ឆ្នាំស្នាក់នៅភូមិកំពង់ពិល ឃុំវត្តតាម៉ឹម ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្រោយនាំយកមកនាយកដ្ឋាន ដើម្បីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា «នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ពួកខ្លួនពិតជាបានធ្វើសកម្មភាពចូលលួចគាស់ផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ពិតប្រាកដមែន ដោយលួចបានគ្រឿងអលង្ការមាស និងប្លាទីន ចំនួន ២៥០ តម្លឹង សរុបជាទឹកប្រាក់ចំនួន ១៦០,០០០ ដុល្លារ ហើយបានគេចទៅលាក់ខ្លួននៅស្រុកកំណើត ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានតែម្តង ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងកម្លាំងជំនាញនាយកដ្ឋានបានប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
No comments:
Post a Comment