(ព្រះសីហនុ) ៖ កម្លាំងសមត្ថកិច្ចចម្រុះក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ចំនួន ០២ នាក់ ដោយឆែកឆេររកឃើញម្សៅកញ្ចប់ សង្ស័យជាគ្រឿងញៀនជាង ២៧០ កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដើមឡើយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទី១ ដែលមានឈ្មោះថា Song JingGen ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខណៈពេលដែលបើករថយន្ត ឆ្លងកាត់គោលដៅត្រួតពិនិត្យឆែកឆេរស្វែងរកបទល្មើស កាលពីវេលាម៉ោង ០០ ៖ ៣០ នាទីយប់ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ក្រោយឃាត់ខ្លួនភ្លាមៗ សមត្ថកិច្ចបានឆែកឆេរ ដោយរកឃើញក្នុងរថយន្តជនជាតិចិននោះ មាននូវគ្រឿងញៀនជាច្រើនកញ្ចប់ ។
ខណៈពេលកំពុងតែឆែកឆេរចំពោះជនសង្ស័យទី១ ក៏មានគូរកនរបស់ជនសង្ស័យជាជនជាតិចិនម្នាក់ទៀតដែរឈ្មោះ SHEN ZHEN HOU ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងបន្ទប់ខេធីវី មកមើល និងសួរនាំ ស្របពេលជាមួយគ្នានោះ សមត្ថកិច្ចក៏មានការសង្ស័យ ដោយភ្លាមៗសមត្ថកិច្ចបានឆែកឆេរក្នុងទូរសព្ទដៃជនជាតិចិនទី២ នោះតែម្ដង ។
ក្រោយការឆែកឆេរលើជនសង្ស័យទី២ សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យទាំង ០២ នាក់ មានការពាក់ព័ន្ធជាមួយគ្នា ។ បន្ទាប់មក សមត្ថកិច្ចក៏បន្តសាកសួរស្រាវជ្រាវ ដោយរកឃេីញថាជនសង្ស័យស្នាក់នៅសណ្ឋាគារ Brown Hotel ។
ក្រោយដឹងពីទីកន្លែងស្នាក់នៅ សមត្ថកិច្ចជំនាញ បានទៅឆែកឆេរបន្ទប់របស់ជនសង្ស័យទាំង ០២ ក៏រកឃេីញគ្រឿងញៀន នៅក្នុងបន្ទប់របស់ជនសង្ស័យ ចំនួនជាង ២៧០ កញ្ចប់ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឆែកឆេររកឃើញម្សៅកញ្ចប់ពណ៌ក្រហម ភ្ជាប់ជាមួយម៉ាកសញ្ញា Ferrari ដែលសង្ស័យជាសារធាតុញៀន ចំនួន ២០០ កញ្ចប់, ម្សៅក្រាមពណ៍ស សង្ស័យសារធាតុញៀន ចំនួន ១៣ កញ្ចប់, ម្សៅកញ្ចប់ពណ៍ក្រហមអក្សរ Grape សង្ស័យសារធាតុញៀន ចំនួន ៣៩ កញ្ចប់, ម្សៅកញ្ចប់ពណ៏ក្រហមអក្សរ Ferrari សង្ស័យសារធាតុញៀន ចំនួន ០៤ កញ្ចប់, ម្សៅកញ្ចប់រូបតុក្កតាអក្សរ Jintiao សង្ស័យសារធាតុញៀន ចំនួន ១៥ កញ្ចប់, ម្សៅកញ្ចប់ពណ៌ត្នោតរូបនាគ សង្ស័យសារធាតុញៀន ចំនួន ០១ កញ្ចប់, ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន ០១ ស្បោង, កញ្ឆាក្រៀម ចំនួន ០១ កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០២ គ្រឿង, សម្ភារៈសម្រាប់វេចខ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ, លិខិតឆ្ឆងដែនឈ្មោះ SHEN Zhenzhou ចំនួន ០១ ច្បាប់, ទូរសព្ទ ០១គ្រឿង និងរថយន្ត ចំនួន ០១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលេី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមនិតិវិធីបន្ត ។
គួរបញ្ជាក់ដែរថា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយស្នងការនគរបាលខេត្តព្រះសីហនុ និងមន្ត្រីកងរាជអាវុធហត្ថក្រុងព្រះសីហនុ និងមន្ត្រីកងរាជអាវុធហត្ថខេត្ត និងមន្ត្រីក្រោមឱវាទជាច្រើននាក់ផ្សេងទៀត ទៅពិនិត្យមើលវត្ថុតាងបទល្មើស និងជនសង្ស័យ នៅស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ ផងដែរ ៕
No comments:
Post a Comment