(ភ្នំពេញ) ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនជនជាតិថៃ-ឡាវ ចំនួន ៣នាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។
របាយការណ៍បានបញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារដោយ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់ដោយលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៧), (ក៤) និង (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ ៣០៤ ផ្លូវលំ ស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ជនសង្ស័យទាំង៣នាក់រួមមានឈ្មោះ Cheng veut ភេទប្រុស ជនជាតិឡាវ, ឈ្មោះ Wasin Saekue ភេទប្រុស ជនជាតិថៃ, ឈ្មោះ Saeli Chinnawat ភេទប្រុស ជនជាតិថៃ។ ចំពោះវត្ថុតាងចាប់បានរួមមាន សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ១០១កញ្ចប់ ស្មើទម្ងន់ ១០១គក្រ ៤៤៩.២០ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី៕
No comments:
Post a Comment