(ស្ទឹងត្រែង) ៖ ឈើអាចន្លោះពី ៣៥ទៅ ៤០ ម៉ែត្រ ត្រូវបានរឹបអូសនៅក្នុងក្រុមហ៊ុនចំការចេកមួយកន្លែង ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៧ ភូមិរិទ្ធិសែនជ័យ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង ។
ការចុះបង្ក្រាបខាងលើនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ព្រមទាំងដឹកនាំចុះផ្ទាល់ដោយលោក ជា សុភ័ក្ក ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ក្រោយតាមដាន និងស្រាវជ្រាវអំពីសកម្មភាពដឹកជញ្ជូនឈើពីប្រភពខាងក្រៅចូលទៅក្នុង ក្រុមហ៊ុនចំការចេក ដោយពុំមានច្បាប់អនុញ្ញាត ។
ប្រភពបានឱ្យដឹងថា ក្រុមហ៊ុនចំការចេកខាងលើ ក្រៅពីដាំដំណាំកសិកម្ម គឺពុំមានសិទ្ធិក្នុងការទិញលក់ ឬដឹកជញ្ជូនផលអនុផលព្រៃឈើនោះទេ ។ បើមានសិទ្ធិក៏ត្រូវមានប្រភពទីតាំងព្រៃសម្បទានពីរដ្ឋច្បាស់លាស់ និងត្រូវមានការឆ្លងកាត់ត្រួតពិនិត្យច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ និងច្បាប់ដឹកជញ្ជូនផងដែរ ។ ប៉ុន្តែក្រុមហ៊ុននេះ ពុំបានឆ្លងកាត់ច្បាប់ណាមួយទេ ទើបកម្លាំងអាវុធហត្ថខេត្ត សហការជំនាញពាក់ព័ន្ធចុះបង្ក្រាបតែម្តង ។
មន្ត្រីជំនាញបានឱ្យដឹងថា ឈើទាំងនោះជាប្រភេទឈើក្រៅលំដាប់ថ្នាក់ ។ បើតាមការប៉ាន់ស្មាន និងមិនទាន់ជាផ្លូវការ ឈើទាំងអស់នោះគឺមានចន្លោះពី ៣៥ ទៅ ៤០ ម៉ែត្រគូប ។
មន្ត្រីជំនាញបន្តថា ឈើទាំងនោះគឺក្រុមហ៊ុនចំការចេក បានបញ្ជាទិញពីប្រភពខាងក្រៅដឹកចូលក្រុមហ៊ុន ដើម្បីសាងសង់ផ្ទះកម្មករ ។
បច្ចុប្បន្ន ឈើទាំងអស់នោះ កំពុងត្រួតពិនិត្យ និងធ្វើការវាស់វែង ៕
No comments:
Post a Comment