(កំពង់ធំ) ៖ បន្ទាប់ពីបែកធ្លាយសារសំឡេងឆ្លងឆ្លើយគ្នា រវាងអាជ្ញាធរមូលដ្ឋាន និងអ្នកសារព័ត៌មាន ដែលរៀបរាប់ពីផែនការរៀបចំកញ្ចប់ថវិកា ដើម្បីបិតបាំងបទល្មើសនេសាទនៅតំបន់ទន្លេសាប ក្នុងឃុំពាមបាង ស្រុកស្ទោង កាលពីពេលថ្មីនេះ គេមិនទាន់ឃើញមានចំណាត់ការក្ដៅស៊ើបអង្កេតស្រាវជ្រាវពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅឡើយទេ។ ប៉ុន្តែនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានដឹកនាំកម្លាំងចុះបង្គ្រាបដូចរាល់ធម្មតាៗ។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ការបន្តដឹកនាំបង្គ្រាបបទល្មើសនេសាទធម្មតាៗនេះ ត្រូវបានធ្វើឡើងនៅក្នុងភូមិឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ។ ការចុះបង្គ្រាបបទល្មើសនេះ អនុវត្តចុះបង្ក្រាបទប់ស្កាត់បទល្មើសនេសាទធម្មតាៗប៉ុណ្ណោះ មិនមែនចុះស្រាវជ្រាវស៊ើបអង្កេតករណីរៀបចំកញ្ចប់ថវិកាជាប្រព័ន្ធនោះឡើយ។ ការបង្ក្រាបនេះ ធ្វើឡើងលើផ្ទៃបឹងទន្លេសាបមានចំនួន ២ទីតាំង ដោយទីតាំងទី១. នៅចំណុចគុមឫស្សី បឹងផ្តៅ ភ្នំជីមូស និងព្រែកផ្នល់ ស្ថិតក្នុងភូមិសាស្ត្រឃុំសំព្រោជ ឃុំចំណាក្រោម និងភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង។ ទីតាំងទី២. នៅចំណុចអូរញឹង(តាមដងស្ទឹងសែន) ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
យោងតាមប្រភពពីលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានឲ្យដឹងថា លទ្ធផលអនុវត្តបាន ៤ករណីគឺចុះរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន ៨របាំង ប្រវែង ៣៥០០ម៉ែត្រ របាំងស្បៃមុងចំនួន ៦របាំង ប្រវែង៦៥០ម៉ែត្រ ឡុកចំនួន ៣៧គ្រឿង លូចំនួន៤៤មាត់ បង្គោលចំនួន៧៨០០ដើម និងចាក់លែងត្រីចំនួន ២៣០គីឡូក្រាម។ ក្រៅពីនេះសមត្ថកិច្ចបានដកហូតឃាត់ទុកវត្ថុតាងនេសាទដោយប្រើឧបករណ៍ឆក់ រួមមាន ដុំភ្លើងឆក់ចំនួន២គ្រឿង អាគុយចំនួន ២គ្រឿង ដងឆក់ចំនួន ២គូ កន្ត្រងដួសត្រីចំនួន៤ ត្រីចំរុះទំងន់ ១៥គីឡូក្រាម ទូកបាឡាស្មាច់ប្រវែង ៥ម៉ែត្រ ភ្ជាប់ដោយម៉ាស៊ីនម៉ាក ហ៊ីណូតាចំនួន១គ្រឿង ចំណែកឯជនសង្ស័យរត់គេចខ្លួនបាត់។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា បទល្មើសនេសាទកើតពេញបន្ទុក បង្គ្រាបយ៉ាងណាក៏មិនអស់ដែរ ព្រោះសមត្ថកិច្ចបង្គ្រាបខាងមុខ ចេញខាងក្រោយ ហើយមុនចុះបង្គ្រាបមានមេខ្យល់ប្រាប់មុន។ ដូច្នេះសមត្ថកិច្ចចាប់ឃាត់បានតែអាតូចៗ ដោយឡែកធំៗមេខ្យល់បានប្រមូលចងក្រងរៀបចំជាកញ្ចប់រួចហើយ។
ជុំវិញករណីបែកធ្លាយព័ត៌មានស្ដីពី ការរៀបចំជាកញ្ចប់នេះ រដ្ឋបាលខេត្ត និងអង្គភាពមន្ទីរ និងជំនាញ ហាក់ដូចជាស្ងប់ស្ងាត់ ប៉ុន្តែសាធារណៈជនកំពុងរង់ចាំមើលពីចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ច ដូចជា អង្គភាព មន្ទីរ ជំនាញ់ពាក់ព័ន្ធ ចំពោះបទល្មើសនេសាទនេះ៕
Monday, November 13, 2023
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ចុះបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប តែក្នុងទ្រង់ទ្រាយតូចៗ បន្ទាប់ពីផ្ទុះការរិះគន់ថា មានការរៀបចំកញ្ចប់ចូលហោប៉ៅបិតបាំងបទល្មើសនេសាទ
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ចុះបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប តែក្នុងទ្រង់ទ្រាយតូចៗ បន្ទាប់ពីផ្ទុះការរិះគន់ថា មានការរៀបចំកញ្ចប់ចូលហោប៉ៅបិតបាំងបទល្មើសនេសាទ
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Subscribe to:
Post Comments (Atom)
Author Details
ទីស្នាក់ការ ផ្ទះលេខ 21B ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គេហទំព័រ ( WWW.WHITEHORSE-NEWS.COM ) យើងខ្ញុំ ផ្ដល់ព័ត៌មានពិត រហ័ស ច្បាស់លាស់ និងទទួលផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនងលេខ ៖ 078 393 839 / 081 393 839 / 060 393 839 / 031 839 3333 សូមអរគុណ!
No comments:
Post a Comment