(ភ្នំពេញ) ៖ ស៊ុតមាន់ជាង ០៨ ពាន់គីឡូក្រាម ត្រូវបានមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) កម្ទេចចោលក្រោយរកឃើញពុំមានអនុលោមភាព ។
បន្ទាប់ពីមានការចង្អុលបង្ហាញផ្ទាល់ពី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ផាន អូន នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរដែនដីធ្វើការកម្ទេចចោលទំនិញដែលជាស៊ុតមាន់ចំនួន ៨១៩០ គីឡូក្រាម ក្រោយរកឃើញថា ស៊ុតមាន់ទាំងអស់នោះពុំមានអនុលោមភាពត្រឹមត្រូវតាមបទប្បញ្ញត្តិ ពុំមានឯកសារបញ្ជាក់ពីគុណភាពត្រឹមត្រូវ និងពុំបានអនុវត្តលក្ខខណ្ឌតម្រូវនៃម្ហូបអាហារ ។មន្រ្តីជំនាញ ក.ប.ប. បានឱ្យដឹងថា ភាពមិនអនុលោមទាំងអស់នេះគឺពិតជាធ្វើឱ្យមានហានិភ័យលើសុខភាពអ្នកប្រើប្រាស់ និងប៉ះពាល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរប្រសិនបើស៊ុតទាំងអស់នេះរបូតទៅលើទីផ្សារ ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. ស្នើដល់ធុរកិច្ចជន និងប្រតិបត្តិករអាជីវកម្មទាំងអស់អនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី និងអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសដែលមានចែងជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា ៕
No comments:
Post a Comment