(កំពង់ឆ្នាំង) ៖ កម្លាំងសមត្ថកិច្ចអាវុធហត្ថ បានធ្វើការឃាត់ខ្លួន មន្ត្រីយោធាម្នាក់ ក្រោយពីជួបជុំផឹកស៊ីស្រវឹងទាស់ពាក្យសម្ដីគ្នា ដកកាំភ្លើងខ្លីបាញ់គំរាម១គ្រាប់ ។
ហេតុការណ៍បាញ់បោះអនាធិបតេយ្យនេះកើតឡើង កាលពីវេលាម៉ោងជាង ២០ យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ប្រភពពីមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា យោធាដែលប្រើប្រាស់អាវុធខ្លីបាញ់គំរាមគូរទំនាស់នេះ ឈ្មោះ ឡោ ប៊ុនភ័ក្រ្ត ភេទប្រុស អាយុ ៤៦ ឆ្នាំ មានទីលំនៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានមុខរបរយោធាបម្រើការងារនៅកងអន្តរាគមន៍លេខ ៧០ នៃកងយុទ្ធពលខេមរៈភូមិន្ទ ។
ប្រភពខាងលើបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ យោធាម្នាក់នេះ រួមជាមួយមិត្តភក្កិម្នាក់ទៀត បានមកលេងផ្ទះឈ្មោះ ផូ កូលាប ភេទស្រីអាយុ ៣៦ឆ្នាំ មានទីលំនៅភូមិឃុំកើតខេត្តខាងលើ ហើយបានជួបជុំគ្នាផឹកស៊ីផងដែរ។ លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែមានទំនាស់ពាក្យសំដីគ្នា និងបានដកកាំភ្លើងខ្លី ម៉ាករ៉ូឡូបាញ់ឡើងលើ១គ្រាប់ផូងតែម្តង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការសាកសួរ នៅមិនទាន់អាចបញ្ជាក់ពីមូលហេតុបាននៅឡើយទេ ៕
No comments:
Post a Comment