(សៀមរាប) ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានចាប់ខ្លួនមនុស្សចំនួន ០៦ នាក់ និងដកហូតរថយន្តចំនួន ០២ គ្រឿង បន្ទាប់ពីអ្នកទាំងនោះ ត្រូវសង្ស័យជាប់ពាក់ព័ន្ធករណីបាញ់បោះនៅក្រុងសៀមរាប និងស្រុកពួក ។
នៅព្រឹកថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ត្រីនគរបាលខេត្តសៀមរាប ដោយសូមមិនបញ្ចេញឈ្មោះបញ្ជាក់ថា ពិតជាមានហេតុការណ៍ផ្ទុះអាវុធមែន គឺផ្ទុះនៅក្រុងសៀមរាប និងផ្ទុះនៅស្រុកពួក ។មន្ត្រីនគរបាលដដែលបន្តថា ករណីនេះ សមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកពួក បានឃាត់ខ្លួនមនុស្សចំនួន ០៦ នាក់ និងដកហូតរថយន្តចំនួន ០២ គ្រឿង ។
ចំណែកអធិការស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន មិនអាចផ្ដល់ព័ត៌មានលម្អិតបានទេ ចំពោះករណីនេះ ដោយបង្វែរសំណួរសួរទៅស្នងការនគរបាលខេត្តសៀមរាប ។
មិនទាន់ទទួលបានការបញ្ជាក់ពីនាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប នៅឡើយទេចំពោះហេតុការណ៍នេះ ។
បើតាមព័ត៌មានបឋម ហេតុការណ៍បានកើតឡើងនៅនៅម៉ោង ជាង ០៨ យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្បែរស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ។
បើតាមព័ត៌មាន បន្ទាប់ពីកើតហេតុនៅក្បែរស្ពាននាគ រថយន្តជនសង្ស័យបានបើករត់ទៅស្រុកពួក ទើបសមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកពួក ឃាត់បានតែម្ដង ។
រថយន្តដែលឃាត់ទាំង ០២ គ្រឿង ទី១ ម៉ាក Lexus RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AL-1456 ទី២ រថយន្តម៉ាក កាមរី បាឡែន ពណ៌ស្ក ពាក់ផ្លាកលេខ ភ្នំពេញ 2AC-1031 ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួននាំយកទៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីអនុវត្តន៍តាមនីតិវិធី ៕
No comments:
Post a Comment