(បាត់ដំបង) ៖ មេប៉ុស្តិ៍នគរបាលកំពង់ព្រៀង ជិះម៉ូតូបុករថយន្តពីក្រោយ បណ្តាលឱ្យស្លាប់ នៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៧ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពឃើញហេតុការណ៍ បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស សាម៉ុន ភេទប្រុស អាយុ ៥១ ឆ្នាំ មានទីលំនៅភូមិបឹងវេង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ជានាយប៉ុស្តិ៍នគរបាលកំពង់ព្រៀង ។
មុនពេលកើតហេតុ ជនរងគ្រោះ បានបើកបរម៉ូតូ ស៊ុយហ្ស៊ុយគីស្មាស ពណ៌ខ្មៅ ពាក់ផ្លាកលេខ នប ១.៩៧៧៥ ក្នុងទិសដៅពីខាងជើងទៅខាងត្បូង លុះដល់ចំណុចគ្រោះថ្នាក់ បានបុករថយន្តធុនធំ ០១ គ្រឿង ម៉ាកហ៊ីយិនដាយ ពណ៌ស ខៀវ ពាក់ផ្លាកលេខ បាត់ដំបង 3A-3442 ដែលឈប់ចតនៅស្ងៀម អែបគន្លងខាងស្តាំ កំពុងឡើងស្រូវភ្លាមៗ ម្ចាស់អ្នកបើកបររថយន្ត បានគេចខ្លួនបាត់ ។
ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងបញ្ជាក់ថា រថយន្តហ៊ីយិនដាយដឹកស្រូវខាងលើ ឈប់លើដងផ្លូវដោយមិនមានសញ្ញាផ្ដល់ដំណឹងទើបបណ្តាលឱ្យម៉ូតូជនរងគ្រោះ ដែលបើកស្របទិសគ្នា បានបុកពីក្រោយពេញទំហឹងតែម្តង ៕
No comments:
Post a Comment