(ពោធិ៍សាត់) ៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលការបង្កើនផល រួមទាំងនាំយកអំណោយតាមរយៈកម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនអតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះដោយសារទឹកជំនន់ចំនួន៦២៨គ្រួសារ ស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងខេត្តពោធិ៍សាត់។
ឯកឧត្តម នាយឧត្តមសេនីយ៍ បាននាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលសម្តេច តែងមានការនឹករលឹក និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ដែលសេនាធិការចុះជួបផ្ទាល់នឹងជួយដោះស្រាយរាល់ការលំបាកជូនបងប្អូនអតីតយុទ្ធជន។ជាក់ស្តែងថ្ងៃនេះ ការផ្តល់អំណោយពីកម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុង ១គ្រួសារទទួលបាន ១កញ្ចប់ស្បៀង (អង្ករ ២៥គក្រ មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ និងទឹកបរិសុទ្ធ ១កេស) រួមនឹង១កញ្ចប់គ្រាប់ពូជបន្លែ(ឃីដ) របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់អតីតយុទ្ធជនយើងផងដែរ។
ក្នុងនាមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានស្ញប់ស្ញែង និងកោតសរសើរខ្ពស់ចំពោះភាពឧស្សាហ៍ព្យាយាមរបស់អតីតយុទ្ធជន ដែលបានប្រឹងប្រែងដាំដុះដំណាំ និង ចិញ្ចឹមសត្វផង ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅ ឲ្យមានភាពប្រសើរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់ ដោយធ្វើការបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជនតាមគ្រួសារ តាមខ្នងផ្ទះនីមួយៗ៕
No comments:
Post a Comment