(ភ្នំពេញ) ៖ កម្លាំងសមត្ថកិច្ច បានចុះឡោមព័ទ្ធអគារមួយកន្លែង ដែលមានយីហោ ការកម្សាន្តក្រោន (CROWN ENTERTAINMENT) ស្ថិតនៅមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ មនុស្សប្រុសស្រីជាង ៨០ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ឃាត់ខ្លួន ដោយសង្ស័យជាប់ពាក់ព័ន្ធការលេងល្បែងស៊ីសង និងល្បែងបាញ់ត្រី កាលពីវេលាម៉ោង ០៩ យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ។ បន្ទាប់ពីចាប់ខ្លួនពួកគេ ត្រូវបានបញ្ជូនទៅធ្វើការសាកសួរ ។យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ គេឃើញមានវត្តមានរបស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ជាច្រើននាក់ បានចុះទៅទីតាំងអគារខាងលើ និងបានឡោមព័ទ្ធទីតាំងដែលមានបង្កប់ល្បែងបាញ់ត្រី និងល្បែងផ្សេងទៀតនៅខាងក្នុង ព្រមទាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ក្នុងនោះមានជនបរទេសផងដែរ ។
យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បានឱ្យដឹងថា មនុស្សដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានរហូតដល់ទៅ ៨៣ នាក់ ក្នុងនោះខ្មែរ ៦៣ នាក់ វៀតណាម ០៨ នាក់ ចិន ១៣ នាក់ ។
បន្ទាប់ពីការឃាត់ខ្លួន សមត្ថកិច្ចបានដកហូត គ្រឿងអេឡិចត្រូនិច បៀរការ៉ាត់ បុកប៊ីយ៉ែ ហ្គេមបាញ់ត្រី ម៉ាស៊ីនស្លុត និងសម្ភារលេងល្បែងផ្សេងៗទៀត ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនមនុស្សទាំង ៨៣ នាក់ ឡើងទៅលើរថយន្តដឹកអ្នកដំណើរចំនួន ០២ គ្រឿង ព្រមទាំងបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដើម្បីធ្វើការសាកសួរ និងចាត់វិធានការតាមនីតិវិធីច្បាប់ ៕
No comments:
Post a Comment