(ត្បូងឃ្មុំ) ៖ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានចូលរួមសហការជាមួយ ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធប្រចាំតំបន់៦ នៃសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ដែលមានទីតាំងនៅស្រុកពញាក្រែក ដើម្បីត្រួតពិនិត្យសាច់បង្កកចំនួន ១០ តោន លួចនាំចូលពីប្រទេសវៀតណាម តាមរយៈរថយន្តបង្កកសាច់ ។
ក្រោយការត្រួតពិនិត្យ សីតុណ្ហភាពតាររយៈឧបករណ៍ testo និងត្រួតពិនិត្យអនុលោមភាព មន្ត្រីជំនាញបានបញ្ជាក់ថា៖ សាច់ក្របី ចំនួន ៨,៥០០ គ.ក មានសីតុណ្ហភាព (-៥អង្សាសេ) និងសាច់ជ្រូក ១,៥០០ គ.ក មានសីតុណ្ហភាព (-៣អង្សាសេ) ដូចនេះ ផ្អែកតាមច្បាប់ និងបទប្បញ្ញត្តពាក់ព័ន្ធសាច់បង្កកខាងលើនេះ ត្រូវបានបង្កកស្របតាមលក្ខណៈបច្ចេកទេស និងមានអនុលោមភាព ។ យ៉ាងណាមិញ មន្រ្តីសាខាគយ និងរដ្ឋាករនឹងអនុវត្តនីតិវិធីបន្ត លើការនាំចូលនេះបន្តទៅទៀត ។មន្ត្រីជំនាញ ក.ប.ប បានគូសបញ្ជាក់ទៀតថា ជាមួយគ្នានោះ ក្នុងថ្ងៃទី៣០ ខែតុលានេះដែរ ដោយអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដែលចង្អុលបង្ហាញដោយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារជាធរមាន សាខា ក.ប.ប. ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ចុះត្រួតពិនិត្យតាមផ្ទះលក់ទំនិញ ម៉ាតនានា ដោយបានរកឃើញទំនិញប្រភេទ ទឹកត្រី ប័រ នំ មី ។ល។ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២៤៧ គីឡូក្រាម និងបានធ្វើនីតិវិធីដកហូតជាមួយនឹងការពិន័យអន្តរការណ៍ចំពោះអាជីវករប្រព្រឹត្តល្មើសផងដែរ ៕
No comments:
Post a Comment