កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ពន្លាតដែនសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនមេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ និងមេបញ្ជាកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីអាវុធហត្ថ ០៤ នាក់ទៀត ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។
យោងតាមរបាយការណ៍របស់ ឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាបបទល្មើសគ្រឿងញៀន និងបានធ្វើការស្រាវជ្រាវបន្តដោយពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺ ។អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បន្ថែមថា តាមការសារភាព បុគ្គលទាំង ០៦ រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន ព្រោះតាមលទ្ធផល នៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង ០៦ រូបនេះ ពុំមានផ្ទុកសារធាតុញៀនទេ ។
ជនសង្ស័យត្រូវបានកំពុងបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងការគោរពនូវប្បញ្ញត្តិ “ការសម្ងាត់នៃការស៊ើបអង្កេត” ។
លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស ត្រូវតែអនុវត្តតាមច្បាប់ បញ្ជូនទៅតុលាការ គឺដោយប្រកាន់ខ្ជាប់ខ្ជួននូវទិសស្លោក “ចំពោះប្រទេសត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ។
សូមបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ រួមមាន លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថចំនួន ០៤ រូបទៀត ៕
No comments:
Post a Comment