(ភ្នំពេញ) ៖ អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមសណ្តស្ទឹងព្រែកត្នោត សូមឱ្យមានប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំឱ្យបាត់ពីភ្នែក បើទោះបីក្មេងៗរស់នៅជិតស្ទឹងចេះហែលទឹក ក៏ប៉ុន្តែទឹកហូរខ្លាំងអាណាព្យាបាលគប្បីមានការប្រុងប្រយត្ន័ឱ្យបានខ្ពស់ ។
ប្រសាសន៍ដាស់តឿនរបស់លោកអភិបាលក្រុង ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងពេលចុះពិនិត្យស្ថានភាពទឹកជន់លិចក្នុងភូមិសាស្ត្រ នៃសង្កាត់មួយចំនួន ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃមកនេះទឹកបានជន់លិចផ្ទះប្រជាពលរដ្ឋរស់នៅតាមសណ្តស្ទឹង ក្នុងសង្កាត់ចំនួន១០ ប៉ុន្តែមិនរងការលិចទាំងស្រុងនោះទេ ។ ក្នុងនោះ ប្រជារដ្ឋភាគច្រើនក៏មិនបានធ្វើការរើចេញនោះដែរ ដោយផ្ទះពួកគាត់ភាគច្រើន មានជាន់លើជាន់ក្រោម ។
លោក ឃួង ស្រេង បានមានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋតាមដងស្ទឹង ជាធម្មតាតែងរងការលិចជារៀងរាល់ឆ្នាំប៉ុន្តែពួកគាត់អត់រើចេញ ដោយសារពួកគាត់គិតថាទឹកនេះ លិចមិនយូរ ។ លោកបានបន្តថាមកដល់ពេលនេះ ទឹកចាប់ផ្ដើមនឹងហើយ ដោយស្ថានភាពទឹកនៅប៉ែកខាងលើចាប់ផ្ដើមស្រកហើយ ដូច្នេះភ្លាមៗស្ថានភាពទឹកផ្នែកខាងក្រោមមិនទាន់ស្រកនៅឡើយ ដោយសារគេទើបបិទទ្វារទឹកកាលពីពេលម្សិលមិញ ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ឱ្យដឹងដែរថា កម្លាំងសមត្ថកិច្ចចម្រុះបានត្រៀមខ្លួនរួចជាស្រេច ក្នុងនោះរួមមានកម្លាំងសង្រ្គោះគ្រោះមហន្តរាយធម្មជាតិ កម្លាំងអង្គរក្ស កម្លាំងយោធិភូមិភាគពិសេសគឺបានត្រៀមគ្រប់មជ្ឈដ្ឋានដើម្បីការត្រៀមសង្រ្គោះប្រជាពលរដ្ឋ ។ នៅក្នុងនោះក៏មានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាកងកម្លាំងពិសេសគឺនៅជាប់ជាមួយប្រជាពលរដ្ឋហើយយដាក់ខ្សែត្រៀមនៅជួរមុខ រួចស្រេចផងដែរ ។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងខណ្ឌដង្កោ បានរងការលិចលង់ប្រមាណ ១០ សង្កាត់ គិតជាគ្រួសារ ២.០៧៥ គ្រួសារ ដែលត្រូវរៀបចំផ្តល់អំណោយសង្រ្គោះជូនពួកគាត់ ។ ព្រឹកមិញនេះ ក៏មានប្រជាពលរដ្ឋខ្លះបានសម្រេចរើផ្ទះមកនៅលើទួលសុវត្ថិភាពបណ្តោះអាសន្នផងដែរ ដោយសារផ្ទះគាត់ទាបហើយអត់មានជាន់ខាងលើ ។ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបាយទឹកជូនប្រជាពលរដ្ឋដែលកំពុងរងការជន់លិចដោយជំនន់ទឹកភ្លៀងនេះ ហើយក៏មានក្រុមគ្រូពេទ្យចាំសង្រ្គោះផងដែរ ។
លោកអភិបាលក្នុងដំណើរ ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ក៏បានបញ្ជាឱ្យប្រធានមន្ទីរសុខាភិបាល ត្រូវចាត់ចែងកម្លាំងគ្រូពេទ្យចេញធ្វើសកម្មភាពពិសេស នៅមណ្ឌលសុខភាពដែលកំពុងលិចលង់ និងបានបញ្ជាឱ្យដាក់ទូកតូចៗចាំជួយសម្រួលដល់ប្រជាពលរដ្ឋមួយចំនួន ដែលត្រូវការឆ្លងទៅឆ្លងមកនៅតាមទីកន្លែងដែលមានទឹកជំនន់ផងដែរ ៕
No comments:
Post a Comment