(សៀមរាប) ៖ បើតាមសេចក្តីរាយការណ៍បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ មានបុរសម្នាក់ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០៦ ឆ្នាំ បានប្រើអំពើហិង្សាដោយយកពូថៅកាប់ទៅលើម្តាយខ្លួនឯង បណ្តាលឱ្យផុងលលាដ៍ក្បាល រួចព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមក្របួចមកវិញ ។
ហេតុការណ៍នេះ បានកើតឡើងនៅភូមិខ្នារជើង ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
សេចក្តីរាយការណ៍បន្តថា បុរសជាកូនខាងលើនោះមានឈ្មោះ ឈឿ ប្រើច អាយុ ៤១ ឆ្នាំ ជាមនុស្សប្រើប្រាស់គ្រឿងញៀន រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
សេចក្តីរាយការណ៍បន្តទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យមានទំនាស់ពាក្យសម្ដីជាមួយម្តាយបង្កើត ដោយសារតែខឹងម្តាយបានយកកណ្តៀវលាក់ទុក ខណៈរូបគេចង់ចេញទៅច្រូតស្មៅ ក៏កើតជាអំពើហិង្សាតែម្ដង ហើយកូនប្រុសរូបនោះស្ទុះទៅទាញពូថៅកាប់ម្តាយខ្លួនឯង បណ្តាលឱ្យផុងលលាដ៍ក្បាល ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកក្រឡាញ់ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង ។ ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា «រូបគេពិតជាបានប្រើអំពើហិង្សា ដោយយកពូថៅកាប់ទៅលើម្តាយបង្កើតឈ្មោះ សេក អង អាយុ ៧០ ឆ្នាំ ពិតប្រាកដមែន ព្រោះតែខឹងគាត់យកកណ្តៀវច្រូតស្មៅលាក់ទុក ។ ហើយមិនតែប៉ុណ្ណោះ រូបគេក៏ជាជនប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារ ០៦ ឆ្នាំទៀតផង» ។
ដោយយោងទៅលើបទល្មើសជាក់ស្តែងខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
No comments:
Post a Comment