(ភ្នំពេញ) ៖ នាយកដ្ឋាននគរបាលប្រហ្មទ័ណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល បានដាក់កម្លាំងចុះឡោមព័ទ្ធទីតាំងអគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសច្រើនជាង ៥០ នាក់ សង្ស័យពាក់ព័ន្ធករណី ផលិតរឿងអាសអាភាស និងជួញដូរផ្លូវភេទ កាលពីវេលាម៉ោង ០៨ យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចអគារមួយកន្លែង ស្ថិតនៅលើកំណាត់ផ្លូវ៣១ មូលដ្ឋានសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មាននារី ០២ នាក់ សង្ស័យជានារីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការថតផលិតរឿងបែបក្តៅសាច់ អាសអាភាស នៅក្នុងបន្ទប់ជាន់ទី៩ នៃអគាមួយកន្លែងខាងលើ ។ក្រោយទទួលដំណឹងនេះភ្លាម កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល បានដាក់កម្លាំងជាច្រើននាក់ រួមមានឯកសណ្ឋាន អាវក្រោះ និងកាំភ្លើងគ្រប់ដៃ នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានចុះឡោមព័ទ្ធទីតាំងអគារនោះ ព្រមទាំងឃាត់ខ្លួនជនបរទេសជាង ៥០ នាក់ ។
ក្រោយឃាត់ខ្លួនរួច សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ ព្រមទាំងសម្ភារជាប់ពាក់ព័ន្ធទាំងអស់ ទៅកាន់នាយកដ្ឋានព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និងបំពេញឯកសារ ចាត់ការតាមនីតិវិធីច្បាប់ ៕
No comments:
Post a Comment