ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ០៤ទៀបភ្លឺ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ប៊ុន វិសាល អាយុ ២២ឆ្នាំ មុខរបរបើកបររថយន្តក្រុមហ៊ុនឯកជន មានទីលំនៅអចិន្ត្រៃយ៍ភូមិ៦ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជននេះបានធ្វើសកម្មភាពលួចរថយន្តផ្លាដឺហ្វ័មសម្រាប់ដឹកគ្រឿងចក្រ ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-3085 ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ ញិល រិត អាយុ ៣៥ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ហើយសព្វថ្ងៃស្នាក់នៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជាម្ចាស់រថយន្តបាននិយាយថា នៅមុនកើតហេតុ កាលពីវេលាយប់ថ្ងៃទី៩ ខែតុលា គាត់បានទុករថយន្តនៅលើចិញ្ចើមផ្លូវមុខផ្ទះ រួចបានចូលដេកនៅក្នុងផ្ទះ ហើយខណៈពេលកំពុងដេកលក់ ស្រាប់តែឮសូរសំឡេងបញ្ឆេះរថយន្ត ធ្វើឱ្យគាត់ភ្ញាក់ពីដំណេកក្រោករត់ចេញទៅមើល ឃើញជនសង្ស័យកំពុងបើករថយន្តគាត់ចេញពីកន្លែងចត ទើបគាត់ស្រែកឆោឡោនិងជិះម៉ូតូដេញតាមពីក្រោយជាប់រហូត ។ ជនសង្ស័យបានបើករថយន្តគេចទៅតាមផ្លូវក្រវាត់ក្រុងទី៣ ហើយគាត់បានដេញតាមរហូតដល់ចំណុចភ្លើងស្តុបកែងផ្លូវលេខ៤២ ស្ថិតនៅក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល បានជួបកម្លាំងនគរបាលខណ្ឌកំបូលកំពុងល្បាត ហើយគាត់ក៏បានប្តឹងសុំឱ្យជួយអន្តរាគមន៍ ។
បុរសខាងលើ បានប្រាប់ឱ្យដឹងបន្តទៀតថា ពេលនោះកម្លាំងនគរបាលក៏បានជួយដេញតាម ហើយជនសង្ស័យបានបើកគេចឡើងទៅតាមផ្លូវជាតិលេខ៣ រហូតដល់ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទើបកម្លាំងនគរបាលស្ទាក់ឃាត់បាន រួចវាយខ្នោះនាំទៅសាកសួរមួយជំហាន ។ បន្ទាប់មកនគរបាលខណ្ឌកំបូលបានប្រគល់ជនសង្ស័យរូបនោះទៅឱ្យកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ត ព្រោះរថយន្តនេះត្រូវបានជនសង្ស័យលួចយកចេញពីខណ្ឌពោធិ៍សែនជ័យ ។
ក្រោយពេលនគរបាលចាប់ខ្លួនជនសង្ស័យខាងលើ បានធ្វើជាយំសោកស្ដាយកំហុសដែលខ្លួនប្រព្រឹត្ត និងបាននិយាយថា ខ្លួនចង់ទិញរថយន្តធុនធំ ០១គ្រឿង ដើម្បីរកស៊ី ហើយត្រូវបានបុរសម្នាក់ឈ្មោះ ម៉ាប់ អាយុប្រមាណជាង ៤០ឆ្នាំ ទើបស្គាល់គ្នានៅវេលាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ប្រាប់ថា «បើចង់ទិញឡានរូបគេ(ឈ្មោះម៉ាប់)មាន១គ្រឿង» ។ បន្ទាប់មកឈ្មោះម៉ាប់បានចង្អុលបង្ហាញទៅរថយន្តផ្លាដឺហ្វ័ម ០១គ្រឿងខាងលើ ដែលម្ចាស់ឈប់ចតទុកលើចិញ្ចើមផ្លូវមុខផ្ទះ ហើយឈ្មោះ ម៉ាប់ បានប្រាប់ទៀតថា «បើចង់បាន កក់លុយមុនតែ ១,០០០ដុល្លារមក» ។
ជនសង្ស័យបាននិយាយទៀតថា ខ្លួនក៏ដឹងថារថយន្តនោះមិនមែនជារបស់ឈ្មោះ ម៉ាប់ ឡើយ ប៉ុន្តែដោយសារតែចង់បានរថយន្តរកស៊ី ក៏សុខចិត្តយកលុយ ៦០០ដុល្លារ ប្រគល់ឱ្យឈ្មោះម៉ាប់ ។ លុះដល់វេលាម៉ោង ០៤ទៀបភ្លឺ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ខ្លួនក៏បានទៅបើករថយន្តនោះយកចេញគេចខ្លួន ប៉ុន្តែសំណាងអាក្រក់ត្រូវម្ចាស់ដឹងទាន់ដេញតាម និងប្ដឹងនគរបាលឱ្យឃាត់ខ្លួនបែបនេះតែម្ដង ៕
No comments:
Post a Comment