(ស្វាយរៀង) ៖ រដ្ឋបាលខេត្តស្វាយរៀង នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោយមានការសង្ស័យពីករណីស្លាប់របស់បុរសម្នាក់ ដែលមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ បន្ទាប់ពីបរិភោគសាច់មាន់ (មាន់ងាប់) នៅភូមិម្រាក់ទាប ឃុំអំពិល ស្រុករមាសហែក លោកអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ចាត់ចែងយកសំណាកសព នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០យប់ ដើម្បីធ្វើតេស្តវត្ថុសំណាកនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងទទួលបានលទ្ធផលវិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទ H5N1 នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០១ និង ៤០នាទីរសៀល ។
បច្ចុប្បន្ន ក្រោមការណែនាំរបស់លោកអភិបាលខេត្ត មន្ទីរជំនាញបានចាត់វិធានការ ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងតំបន់កើតមានជំងឺ និងណែនាំបងប្អូនប្រជាពលរដ្ឋ បើមានសត្វស្លាប់ត្រូវយកទៅកប់ចោល ដែលជាវិធានការតឹងរឹង ព្រមទាំងបានអប់រំសុខភាពដល់គ្រួសារសព អ្នកប៉ះពាល់ អ្នកចូលរួមក្នុងពិធីបុណ្យ និងប្រជាជនក្នុងភូមិ ។
ជាមួយនេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមរក្សាអនាម័យតាមរយៈការលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគបាយ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់បក្សី ដែលធ្វើសម្រាប់បរិភោគ ត្រូវចម្អិនឱ្យបានឆ្អិនល្អ ដោយឡែកចំពោះអ្នកដែលមានការប៉ះពាល់ជិតស្និទ្ធនឹងអ្នកជំងឺ ត្រូវរក្សាអនាម័យខ្លួនប្រាណជានិច្ច ស្ថិតនៅដាច់ពីគេ តាមដានសុខភាព ហើយក្នុងករណីមានចេញអាការៈប្រែប្រួលសុខភាព ឬមានការសង្ស័យ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដែលនៅជិតបំផុត ៕
No comments:
Post a Comment