អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្ត ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, October 9, 2023

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅសាលាដំបូងខេត្ត ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

(បន្ទាយមានជ័យ) ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ ០២នាក់ និងវត្ថុតាងគ្រឿងញៀនមួយចំនួន ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅវេលាម៉ោង ៥ និង ៣០នាទី ល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ អង្គភាពមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌មានថា នៅចំណុចបន្ទប់ជួល គ្មានឈ្មោះ ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្ម ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំង ចុះប្រតិបត្តិការ ដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ដកហូតវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ម្សៅក្រាម សថ្លា ចំនួន ០៣ថង់កិប (ធំ២ តូច១) ទូរសព្ទ iPhone 7 ពណ៌ខ្មៅ ចំនួន ០១គ្រឿង និងសម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ ។

ជនសង្ស័យទី១-ឈ្មោះ ថោង ធីស៊ីន ហៅក្រៅ លីន ភេទប្រុស អាយុ ៤២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និងទី២-ឈ្មោះ សុភ័ណ ធារីរ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្រោយពីកម្លាំងជំនាញសួរនាំរួច ឈ្មោះ ថោង ធីស៊ីន ហៅ លីន បានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកសម្រាប់លក់ផង និងប្រើប្រាស់ខ្លួនឯងផង ។ ចំណែកឈ្មោះ សុភ័ណ ធារីរ័ត្ន បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនព្រោះខ្លួនក៏ធ្លាប់ជាប់នៅមណ្ឌលកែប្រែជីវិតថ្មី ភ្នំបាក់ (មណ្ឌលបន្សាបសារធាតុញៀន) ម្ដងដែរ ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្រ្កាបករណីខាងលើ ក៏ទទួលបានការអនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣ ហើយ ៕





No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages