ផ្ដើមចេញពីទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ី ជនដៃដល់ដែលជាមិត្តភក្ដិរបស់ជនរងគ្រោះ បានស្ទុះទាញចបជីកវាយលើជនរងគ្រោះចំនួនពីរចបជីកបណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ ។
ករណីនេះបាន កើតឡើងវេលាម៉ោង ២ និង ៣០រសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ បន្ទាប់ពីបង្កហេតុ ជនដៃដល់ត្រូវបានសមត្ថកិច្ចកងរាវុធហត្ថខេត្តកែប ឃាត់ខ្លួនដើម្បីសួរនាំ និងកសាងសំណុំរឿងអនុវត្តតាមនិតិវិធីច្បាប់ ។
ប្រភពពីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ករណីនេះបង្កឡើងដោយជនដៃដល់ឈ្មោះ វុធ ម៉ៅ អាយុ ២៨ឆ្នាំ រស់នៅភូមិជ្រៃប្រឡាយ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ រីឯជនរងគ្រោះឈ្មោះ ឃន នេន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិជ្រៃប្រឡាយ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
មុនពេលកើតហេតុ ជនរងគ្រោះ និងជនដៃដល់រួមជាមួយមិត្តភក្តិផ្សេងទៀត បានបបួលគ្នាផឹកស៊ីជុំគ្នា ។ ពេលផឹកយូរទៅ បានក្លាយជាទំនាស់ពាក្យសម្ដីជាមួយគ្នា ទើបជនដៃដល់ទាញចប់ជីកមកវាយទៅលើជនរងគ្រោះ ចំនួនពីរចប់ជីកចំកញ្ចឹងកពីក្រោយ បណ្តាលឱ្យស្លាប់បាត់បង់អាយុជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ៕
No comments:
Post a Comment