(ភ្នំពេញ)៖ ដំណឹងមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន ស្វាមីអ្នកស្រី នួន ស៊ុន្ទរី ដែលគេស្គាល់ជាទូទៅថា ស្រីអូន សម្រស់ធម្មជាតិនោះ កំពុងតែអង្រួនបណ្តាញសង្គម និងនាំឱ្យមានការតក់ស្លុតចិត្ត និងសង្វេគជាខ្លាំងជាមួយគ្រួសារសព ។
សមត្ថកិច្ចបានបញ្ជាក់ច្បាស់ហើយ ឧកញ៉ា ឈាង រ័ត្ន អាយុ ៤០ឆ្នាំ បានបញ្ចប់ជីវិតដោយការចងកធ្វើអត្តឃាត នៅវេលាម៉ោង ១៤ និង ៥០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅផ្ទះលេខ១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ឈ្មោះ ម៉ៅ ស៊ីវន ត្រូវជាប្អូនថ្លៃឧកញ៉ា ឈាង រ័ត្ន បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុពោលនៅវេលាម៉ោង ៨ និង ១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ រូបខ្លួន និងគ្រួសារបានទៅធ្វើបុណ្យនៅខេត្តព្រៃវែង ចំណែកបងថ្លៃ គឺឧកញ៉ា ឈាង រ័ត្ន មិនបានទៅជាមួយឡើយ ដោយអះអាងថា ជាប់រវល់ទៅខេត្តកំពង់ចាម ដើម្បីមើលគ្រូចិនសែ ។
ឈ្មោះ ម៉ៅ ស៊ីវន បន្តថា លុះរហូតដល់ម៉ោង ១៤ និង ៥០នាទីថ្ងៃដដែល ពេលខ្លួនត្រឡប់មកផ្ទះវិញ ក៏ឃើញរថយន្តឧកញ៉ា ឈាង រ័ត្ន ចតនៅខាងមុខផ្ទះ ពេលនោះរូបគេបានចាក់សោរចូលក្នុងផ្ទះរួចក៏ដើរទៅក្រោយផ្ទះ ហើយប្រទះឃើញបងថ្លៃ គឺឧកញ៉ា ឈាង រ័ត្ន ចងកនឹងខ្សែអង្រឹងជាប់ជណ្ដើរទ្វារក្រោយផ្ទះ ។
បើតាម ម៉ៅ ស៊ីវន បានលើកឡើងថា កន្លងមកឧកញ៉ា ឈាង រ័ត្ន ធ្លាប់មានវិបត្តិផ្លូវចិត្តលែងលះគ្រួសារថ្មីៗមិនទាន់ដាច់ស្រាច់ ។
តាមការពិនិត្យរបស់នគរបាលកោសលវិច្ច័យបច្ចេកទេស បានសន្និដ្ឋានថាជនរងគ្រោះខាងលើពិតជាធ្វើអត្តឃាតខ្លួនឯង ដោយយកខ្សែអង្រឹងចងកខ្លួនឯងពិតប្រាកដមែន ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុខាងលើ ។
សូមបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន និងអ្នកស្រី នួន សុន្ទរី បានលរៀបអាពាហ៍ពិពាហ៍នឹងគ្នាកាលពីឆ្នាំ២០១៧ និងមានកូនស្រីម្នាក់ជាចំណងដៃ ៕
No comments:
Post a Comment