ប្រធានសមាគមបង្កងចិញ្ចឹមតាកែវ បញ្ជាក់ថា មិនមានលក់តម្លៃ ២ម៉ឺនរៀលក្នុងមួយគីឡូទេ - White Horse News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Tuesday, October 3, 2023

ប្រធានសមាគមបង្កងចិញ្ចឹមតាកែវ បញ្ជាក់ថា មិនមានលក់តម្លៃ ២ម៉ឺនរៀលក្នុងមួយគីឡូទេ

លោក សាប់ សារុន ប្រធាន​សមាគម អ្នក​ចិញ្ចឹម​បង្កង​ខេត្ត​តាកែវ បាន​អះអាង​ថា បង្កង​ចិញ្ចឹម​ទឹក​សាប​ខេត្ត​តាកែវ​ពិត​ប្រាកដ គឺ​មិន​មាន​លក់​ឡើយ​ក្នុង​តម្លៃទាបចន្លោះពី ២​ម៉ឺន​រៀល ទៅ ៤ម៉ឺនរៀលទេ ​ក្នុង​មួយ​គីឡូ​ក្រាម ព្រោះ​​ជា​បង្កង​ចិញ្ចឹម​តាម​បែប​ធម្មជាតិ និង​តាម​ស្តង់ដារ​ច្បាស់​លាស់​ ។


លោក សាប់ សារុន មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ​បង្កង​នាំ​ចូល​ពី​ខាង​ក្រោម​ហើយ​បន្លំ​ថា​ជា​បង្កង​របស់​ខេត្ត​តាកែវ កំពុង​វាយ​លុក​ទីផ្សារយ៉ាង​ខ្លាំង​ ដោយ​សារ​ឈ្មួញ​ធ្វើ​ការ​នាំ​ចូល​ហើយ​លក់​ក្នុង​តម្លៃ​ថោក​ជាង​ តែ​បំប៉ោង​ថា​ជា​បង្កង​នៅ​ក្នុង​ខេត្ត ​។ ជាក់ស្ដែង សព្វថ្ងៃ​នេះបង្កង​ចិញ្ចឹម​ទឹក​សាប​នៅ​ក្នុង​ខេត្ត​ផ្ទាល់ មាន​លក់​ត្រឹម​លក្ខណៈ​តាម​ទីផ្សារ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ មិន​ទាន់​ឈាន​ចូល​ដល់​បុក​ទីផ្សារ​ខាងក្រៅ​ សម្រាប់​ប្រជាពលរដ្ឋ​បរិភោគឡើយ ។ ម្យ៉ាង​វិញ​ទៀត ទីផ្សារ​បង្កង​ក៏​នៅ​មាន​កម្រិត ​មិន​ទាន់​ទទួល​បាន​ទី​ផ្សារ​ទូលំទូលាយ​នោះ​ទេ គឺ​មាន​លក្ខណៈ​តូច​​នៅ​ឡើយ ។

លោក ក៏​បាន​សង្កត់​ឆ្ងន់​ថា «​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដែល​បាន​ទិញ​បង្កង​នាំ​ចូល​ពី​ក្រោម​ គឺ​អាច​ច្រឡំ​គ្នា​ជា​មួយ​បង្កង​ខេត្ត​ ព្រោះ​តែ​វា​មាន​ទំហំរូប​រាង​ស្ទើរ​ដូច​គ្នា​ទាំង​ស្រុង​ ។ ប៉ុន្ត ការ​ពិត​ទៅ បង្កង​នាំ​ចូល​ ភាគច្រើន​ឈ្មួញ​នាំ​យក​មក​លក់​តែ​​ជា​ប្រភេទ​ បង្កងលេខ២ លេខ៣ ដែល​មាន​​តម្លៃ​ចន្លោះ​ពី ៤ម៉ឺនរៀល ទៅ ៥ម៉ឺនរៀលប៉ុណ្ណោះ ក្នុង​មួយ​គីឡូ​ក្រាម ។ ដោយ​ឡែក​បង្កង​តាកែវ​ពិត​ គឺ​មិន​មាន​តម្លៃ​ថោក​បែប​នេះ​ទេ តម្លៃ​ ១​គីឡូ​ ២០​ដុល្លារ​ ឯណោះ​» ។​

ជាក់ស្ដែង ដោយ​សារ​តែ​បង្កង​នាំ​ចូល​តម្លៃ​ថោក ហើយ​ពលរដ្ឋ​មិន​បាន​ស្គាល់​ច្បាស់​ ជា​ហេតុ​នាំឱ្យពួកគេនាំ​គ្នា​សម្រុក​ទិញ​បង្កង​នាំ​ចូល​ ដែល​ធ្វើ​ឱ្យ​បង្កង​នាំ​ចូល អាច​វាយ​លុក​ទីផ្សារ​ខ្លាំង​ទៅៗ ។ ​

លើស​ពី​​នេះ​ទៀត ប្រធាន​សមាគម​រូប​នេះ ចង្អុល​បង្ហាញ​ថា «បង្កង​តាកែវ គ្មាន​ទេ ១គីឡូ តម្លៃ ២ម៉ឺន​រៀល គឺ​មាន​តែ​បង្កង​នាំ​ចូល​ពី​ខាង​ក្រោម​ប៉ុណ្ណោះ ហើយ​បើ​ទោះ​បី​ជា​បង្កង​តាកែវ ​​លក់​ចេញក្នុង​តម្លៃ​ ១គីឡូ ២ម៉ឺនរៀន ក៏​មិន​ចំណេញ​ដែរ ព្រោះជា​បង្កង​ចិញ្ចឹម​តាម​បែប​ធម្មតជាតិ ត្រូវ​ការ​ផ្តល់​ចំណី​អាហារ​ឱ្យ​វា​ប្រចាំ ហើយ​បង្កង​នាំ​ចូល និង​បង្កង​ក្នុង​​ខេត្ត​ពិត​ប្រាកដ គឺ​ខុស​គ្នា​ដាច់ បង្កង​នាំ​ចូល​មាន​សាច់​ផុយ ហើយ​បង្កង​ខេត្ត​មាន​សាច់​ស្វិត ល្អ និង​រសជាតិ​ផ្អែម ឆ្ងាញ់» ។

បើតាមប្រធានសមាគម​​កំពុងទំនាក់ទំនង​មក​កាន់​ទីផ្សារ​ធំៗ នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​នាំ​ចេញ​បង្កង​ខេត្ត​តាកែវ​ពិត​ប្រាកដ ដែល​ជា​បង្កង​ធម្មជាតិ​ដល់​ពល​រដ្ឋ​បរិភោគ​ ។ ប៉ុន្តែ​មុន​ធ្វើ​ការនាំចេញ ​លោក​ក៏​ត្រូវ​សិក្សា​ពី​ផល​បង្កង​នៅ​តាម​កសិដ្ឋាន​នានា​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុន អំពី​ដំណើរ​លូតលាស់ ហើយ​លុះ​ត្រា​តែ​បង្កង​មាន​លក្ខណៈ​ធំ​ធាត់ និង​អាច​វិល​ជុំ ផ្គត់ផ្គង់​ទីផ្សារ ចន្លោះ​ពី ២០០គីឡូ ទៅ ៣០០​គីឡូ ទើប​លោក​អាច​សន្យា និង​និយាយ​កុងត្រា​នាំ​ចេញ​បាន​ ។

លោក សាប់​ សារុន បញ្ជាក់បន្ថែមថា ខេត្ត​តាកែវ មាន​កសិដ្ឋាន​​ចិញ្ចឹម​បង្កង​សរុប​ប្រមាណ​ជិត ១០កសិដ្ឋាន សរុប​ទាំង​តូច ​ទាំង​ធំ ។

បច្ចុប្បន្ននេះ បើបូកស្ថិតិបញ្ចូលគ្នា នៃការទម្លាក់កូនបង្កងនៅតាមកសិដ្ឋាន​នានា អាចឈានចូលដល់ចន្លោះពី ៣ ទៅដល់ ៤លានកូនបង្កង ប្រសិនជាបូកចេញជាសាច់បង្កងធំវិញ ​គឺអាចឈានចូលដល់ ២០០តោន ៕




No comments:

Post a Comment

Post Bottom Ad

Ads Sidebar

Pages