(កំពង់ឆ្នាំង) ៖ ក្រោយពីមានករណីប្រជាពលរដ្ឋ ០២នាក់ នៅខេត្តស្វាយរៀង និងខេត្តព្រៃវែង បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានធ្វើយុទ្ធនាការ ចុះផ្សព្វផ្សាយ និងធ្វើជីវៈសុវត្តិភាព (បាញ់ថ្នាំសម្លាប់មេរោគ) ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ។
លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឱ្យដឹងថា នៅថ្ងៃទី១១ ខែតុលានេះ មន្ត្រីបសុពេទ្យបានចុះផ្សព្វផ្សាយ និងជីវៈសុវត្ថិភាព នៅស្រុកកំពង់ត្ររឡាច ស្រុករលាប្អៀរ ស្រុកទឹកផុស និងស្រុកបរិបូរណ៍ ហើយនៅថ្ងៃទី១២ ខែតុលា ចុះធ្វើនៅក្រុងកំពង់ឆ្នាំង ។
លោក ក្រឹង សំអាត បានឱ្យដឹងថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ និងអ្នកទិញបក្សី និងស៊ុតបក្សី បានចំនួន ៤៣កន្លែង ធ្វើជីវៈសុវត្ថិភាព ( បាញ់ថ្នាំសម្លាប់មេរោគ ) នៅតាមកសិដ្ឋានចិញ្ចឹមបក្សី កន្លែងស្តុក ទិញ លក់ និងកន្លែងពិឃាតចំនួន ៣៩កន្លែង ព្រមទាំងបិទខិតប័ណ្ណ ចែកខិតប័ណ្ណ នៅតាមទីសាធារណៈ បានចំនួន ១៥៧កន្លែងផងដែរ ៕
No comments:
Post a Comment