លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឱ្យដឹងថា រដូវកាលនេះខ្មែរយើងកំពុងនាំគ្នាធ្វើពិធីបុណ្យភ្ជុំបិណ្ឌ គឺមានតម្រូវការសាច់ច្រើន ។ ម្យ៉ាងទៀត ទីផ្សារបច្ចុប្បន្នក៏មានតម្រូវការសាច់ខ្ពស់ ដូច្នេះតម្រូវឱ្យមានការផ្គត់ផ្គង់សាច់ជាចាំបាច់ ក្នុងនោះសាច់គ្រប់ប្រភេទ ត្រូវបានចរាចណ៍ដឹកជញ្ជូនតាមមធ្យោបាយផ្សេងៗចូលមកក្នុងទីផ្សារ ហើយការដឹកជញ្ជូននេះ ជាប្រភេទសត្វចេញពីកសិដ្ឋាន ឬពីកន្លែងមួយទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ។ ដូច្នេះដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ ជាពិសេសលើសុខភាពសាធារណៈទូទៅ ការិយាល័យផលិតកម្ម និងបសុពេទ្យ បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយដឹកជញ្ជូនសត្វតាមរថយន្ត ។
ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ក៏បានធ្វើការវាយតម្លៃ ជាលទ្ធផលការងារបានធ្វើជីវសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនសត្វបានចំនួនសរុប ២០គ្រឿង ក្នុងនោះតាមរថយន្តដឹកសត្វជ្រូក ០៥គ្រឿង រថយន្តដឹកសត្វមាន់ ១១គ្រឿង រថយន្តដឹកសត្វទា ០២គ្រឿង និងរថយន្តដឹកសត្វគោ ០២គ្រឿង រថយន្តទាំងអស់នេះមុននឹងចេញដំណើរទៅណាមកណា ត្រូវតែមកបាញ់ថ្នាំសម្លាប់មេរោគការពារកុំឱ្យឆ្លងទៅសត្វដទៃទៀត និងការពារកុំឱ្យប៉ះពាល់ដល់សុខភាពមនុស្សដែលបរិភោគសាច់ផងដែរ ។
លោកប្រធានការិយាល័យផលិតកម្ម និងសបុព្យាបាល បានបន្តទៀតថា កន្លងមកការិយាល័យបានចុះធ្វើជីវសុវត្ថិភាពនៅសត្តឃាតដ្ឋានបានចំនួន ០៦កន្លែង ក្នុងនោះសត្តឃាតដ្ឋានក្រុងស្ទឹងសែន សត្តឃាតដ្ឋានស្រុកសន្ទុក សត្តឃាតដ្ឋានកំពង់ថ្ម ស្រុកបារាយណ៍ សត្តឃាតដ្ឋានស្រុកកំពង់ស្វាយ សត្តឃាតដ្ឋានតាំងគោក និងសត្តឃាតដ្ឋានរំលង ។ ការចុះធ្វើជីវសុវត្ថិភពសត្វ បាញ់ថ្នាំសម្លាប់មេរោគនេះ ការិយាល័យ និងបន្តអនុវត្តជាប់ជាប្រចាំ ដើម្បីសុវត្ថិភាពគុណភាពសត្វ មិនថាតែនៅតាមសត្វឃាត ការដឹកជញ្ជូនទេ គឺនៅតាមកសិដ្ឋាន តាមកន្លែងចិញ្ចឹមសត្វនានា គឺបន្តធ្វើជាប្រចាំ ។
សូមបញ្ជាក់ថា កន្លងមកមានការកត់សម្គាល់ឃើញថា មានការនាំចូលសត្វជាច្រើនរូបភាព ទាំងក្នុងស្រុក និងការនាំចូលសត្វរស់ និងប្រភេទសាច់សត្វវេចខ្ចប់ពីប្រទេសជិតខាង ដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវនោះឡើយ ប៉ុន្តែមួយចំនួនត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាបបាន និងមួយចំនួនទៀតបង្ក្រាបមិនអស់ ក៏បានចរាចរណ៍នៅលើទីផ្សារ ហើយវាបានប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ៕
No comments:
Post a Comment