(បាត់ដំបង) ៖ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន លោកស្រី កែវ ដាណា បានបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីប្រណាំងទូក ក្នុងថ្ងៃបុណ្យចេញព្រះវស្សា ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ រយៈពេល២ថ្ងៃ នៅតាមដងស្ទឹងសង្កែ នៃក្រុងបាត់ដំបង នៅចុងសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ។
ការថ្លែងនេះបានធ្វើឡើងនៅក្នុងពេលដែលអនុគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មការខេត្តរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ខេត្តបាត់ដំបង បានរៀបចំបើកកិច្ចប្រជុំមួយ ក្នុងការត្រួតពិនិត្យអំពីវឌ្ឍនភាពការងាររបស់ខ្លួន នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដើម្បីឈានទៅកាន់ការរៀបចំពិធីអុំទូកខេត្ត ក្នុងឱកាសថ្ងៃបុណ្យចេញព្រះវស្សា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៣ខាងមុខនេះ នៅតាមបណ្តោយដងស្ទឹងសង្កែនៃក្រុង និងខេត្តបាត់ដំបង ។
លោកស្រី កែវ ដាណា បានបញ្ជាក់ថា ពិធីប្រណាំងទូកនៅខេត្តបាត់ដំបង នឹងដំណើរការទៅតាមការគ្រោងទុក ក្នុងនោះលោកស្រី បានធ្វើការណែនាំបន្ថែមដល់សមាជិក សមាជិកានៃអនុកម្មការផ្សព្វផ្សាយ និងព័ត៌មានទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយព័ត៌មាននៃពិធីអុំទូកនៅខេត្តបាត់ដំបង ឱ្យបានទូលំទូលាយទៅកាន់សាធារណជន និងប្រជាពលរដ្ឋទូទៅ តាមអ្វីដែលអាចធ្វើទៅបាន ដើម្បីឱ្យសាធារណជន គ្រប់ស្រទាប់វណ្ណៈ បានដឹងពីកម្មវិធីបុណ្យអុំទូកនៅខេត្តបាត់ដំបង ដើម្បីធ្វើឱ្យដំណើរការទៅនៃការប្រណាំងទូកនេះ មានអ្នកចូលរួមទស្សនាកម្សាន្តច្រើន និងបានប្រព្រឹត្តទៅដោយរលូន ដើម្បីបង្កបរិយាកាសជូនប្រជាពលរដ្ឋ បានសប្បាយរីករាយ ។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិដ៏រុងរឿងរបស់យើង ជាពិសេសទំនៀមទម្លាប់របស់ខេត្តបាត់ដំបង ក៏ដូចជាការបើកឱកាសជូនប្រជាពលរដ្ឋទាំងនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តជាប់ព្រំប្រទល់នៃខេត្តបាត់ដំបង រួមមានខេត្តប៉ៃលិន ពោធិសាត់ និងខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋទូទៅបានចូលរួមកម្សាន្តសប្បាយរីករាយនោះ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ នាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ត្រូវនឹងថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការប្រណាំងទូកង ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ ហើយនៅពេលរាត្រី គឺមានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម ការប្រគំតន្ត្រី និងមានបាញ់កាំជ្រួចជាដើម ។
តាមរយៈនេះដែរ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការអំពាវនាវដល់សាធារណជនជាភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង និងខេត្តព្រំប្រទល់នៃខេត្តបាត់ដំបង ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា សូមអញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សានាឆ្នាំ២០២៣នេះ ឱ្យមានភាពអធិកអធមច្រើនកុះករ ៕
No comments:
Post a Comment