(ភ្នំពេញ) ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្ន កម្ពុជាមាននាយទាហាន ច្រើនជាងពលទាហាន។ ដូច្នេះក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ ត្រូវពិនិត្យ និងធ្វើការសិក្សាឡើងវិញ ចំពោះការជ្រើសរើស ក្របខ័ណ្ឌកងទ័ព។ មួយទៀតសោត ត្រូវកាត់បន្ថយការជ្រើសរើស និងដំឡើងឋានន្តរស័ក្ដិថ្នាក់នាយទាហាន ដោយត្រូវបង្កើនពលទាហានវិញ។
«កន្លងមក សង្កេតឃើញថា ការបណ្ដុះបណ្ដាលនាយទាហានមានអត្រាខ្ពស់ជាងការបណ្ដុះបណ្ដាលពលទាហាន ហើយពេលដែលមាននាយទាហានច្រើនពេក វានឹងធ្វើឲ្យប៉ះពាល់ដល់ការតែងតាំងតួនាទីនាយទាហានទាំងនោះផង។ ហើយមួយវិញទៀតការធ្វើការកំណែទម្រង់បែបនេះ ក៏កាត់បន្ថយការចំណាយថវិការបស់ជាតិដែរ»។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូជាង២ពាន់នាក់ ដើម្បីអបអរសាទរអបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ«គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកកម្ពុជា។
ក្នុងគ្រោះនោះដែរ សម្តេចនាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានណែនាំឲ្យពង្រឹងស្ថាប័ន មើលតួនាទីរចនាសម្ព័ន្ធ ហើយត្រូវពិនិត្យមើលក្របខ័ណ្ឌ តើមានខ្វះ ឬលើស? មុននឹងស្នើសុំជ្រើសរើសមន្ត្រីរាជការបន្ថែម។ ពីព្រោះដើម្បីសន្សំថវិកា ជាជាងរើសមន្ត្រីថ្មី យកថវិកានេះបង្កើនលើកទឹកចិត្ត អ្នកដែលមានស្រាប់ល្អជាង។
សម្ដេចធិបតី បានលើកឡើងថា សម្ដេច បានផ្ដល់គោលការណ៍ឲ្យក្រសួងមុខងារសាធារណៈរួចហើយ ពាក់ព័ន្ធនឹងការជ្រើសរើសមន្ត្រីរាជការ នៅតាមក្រសួង-ស្ថាប័ននានា ដោយវាយតម្លៃឡើងវិញ។ ក្នុងនោះ មិនត្រូវជ្រើស រើសមន្ត្រីរាជការ ដោយផ្អែកលើឆ្នាំចាស់ឡើយ តែដល់ពេលត្រូវផ្អាកមួយរយៈ ដើម្បីវាយតម្លៃឡើងវិញ។
បើតាមសម្តេចនាយករដ្ឋមន្ត្រី, រាជរដ្ឋាភិបាលសន្សំថវិកាបានជាង ២០០លានដុល្លារ បន្ទាប់ពីព្យួរការចំណាយលើកិច្ចការមិនសំខាន់មួយចំនួន ដែលថវិកាទាំងនោះសម្រាប់យកទៅជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះធម្មជាតិទឹកជំនន់ និងគាំពារសង្គមជាដើម៕
No comments:
Post a Comment