(កំពង់ស្ពឺ) ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រតិកម្មខ្លាំងជាមួយក្រុមហ៊ុនអេកូដា (ECODA) ដែលយឺតយ៉ាវក្នុងការប្រមូលសំរាមចេញពីក្នុងទីរួមខេត្ត ។
លោក វ៉ី សំណាង បានលើកឡើងថា អាជ្ញាធរត្រូវបានរងនូវការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ថាមិនបានគិតគូដល់បញ្ហាសំរាម ដែលបានរាយប៉ាយនៅពាសពេញទីសាធារណៈរបស់ខេត្ត ផ្តើមចេញពីការយឺតយ៉ាវក្នុងការប្រមូលរបស់ក្រុមហ៊ុន ។ ភាពយឺតយ៉ាវនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានខេត្ត ពិសេសរំខានដល់អារម្មណ៍របស់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្តនេះ ។
លោកអភិបាលខេត្តថា ក្រុមហ៊ុនគួរតែដាក់បុគ្គលិករបស់ខ្លួនឱ្យចេញប្រមូលពីព្រលឹម ហើយឱ្យរួចរាល់យ៉ាងហោចណាស់ត្រឹមម៉ោង ០៧ព្រឹក ឬឱ្យរួចមុនម៉ោងនេះ មិនត្រូវម៉ោង០៨ ឬម៉ោង០៩ ទើបបានឃើញបុគ្គលិកដើរប្រមូលសំរាមនោះទេ ។ ពេលខ្លះម៉ោង១០ ម៉ោង១១ ហើយសំរាមនៅមិនទាន់ប្រមូលអស់ទៀត សំរាមខ្លះក្រុមហ៊ុនទុកចោលរហូតដល់កាន់សប្តាហ៍ក៏មានដែរ ។
ជាមួយនឹងការលើកឡើងនេះ លោក វ៉ី សំណាង បានក្រើនរំលឹកដល់ក្រុមហ៊ុនឱ្យពន្លឿនដល់ការងារប្រមូលសំរាម កុំអសកម្ម កុំពន្យារពេលដែលធ្វើឱ្យខេត្តបាត់បង់នូវសោភ័ណភាពបៃតងដែលភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ តែងចង់មកលេងកម្សាន្ត ហើយបើគិតថា មិនអាចធ្វើទៅបានឈប់ទៅ មានគេអាចធ្វើបាន ។
ជុំវិញការប្រតិកម្មរបស់អភិបាលខេត្តកំពង់ស្ពឺនេះ បុរសម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលគាត់រស់នៅភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បាននិយាយថា រដ្ឋបាលខេត្តបានធ្វើការផ្លាស់ប្តូរក្រុមហ៊ុនប្រមូលសំរាម ពីក្រុមហ៊ុនវេងសេងមកក្រុមហ៊ុនអេកូដា (ECODA) ព្រោះតែក្រុមហ៊ុននោះមានភាពអសកម្ម តែមកក្រុមហ៊ុនថ្មីដូចតែគ្នា គ្មាននរណាល្អជាងអ្នកណាទេ លុយបង់យឺតមិនបានឡើយ ។
ការលើកឡើងដូចគ្នារបស់ លោកស្រីម្នាក់ ជាអាជីវករក៏បាននិយាយដែរថា ក្រុមហ៊ុនអេកូដា (ECODA) ចាប់ផ្តើមទទួលសិទ្ធិប្រមូលសំរាមដំបូងល្អណាស់ សំរាមប្រមូលអស់ៗ តែឥឡូវសល់ស្អុយរលួយរាប់ថ្ងៃ ទោះរថយន្តដឹកសំរាមឆ្លងកាត់ក៏អត់យកដែរ បុគ្គលិកថា ជាការងារក្រុមផ្សេងមិនពាក់ពន្ធ័នឹងក្រុមខ្លួនឡើយ បើប្រមូលខ្លាចក្រុមផ្សេងនោះខឹង ។ មួយវិញទៀតសំរាមដឹកចេញតែពីខេត្ត តែកុំមើលតាមផ្លូវដែលចេញពីខេត្តសុទ្ធតែសំរាមដែលគេចាក់ចោលគ្មានអ្នកអើពើ ៕
No comments:
Post a Comment